ខេត្ដសៀមរាប៖ បុក្គលិកសណ្ឋាគារ ឡឹមេរីឌាន អង្គរ (Le Meridian Angkor) ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ប្រ មាណជាង១០០នាក់ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ បានប្រមូលផ្ដុំគ្នា នៅខាងមុខសណ្ឋាគារ ដើម្បីតវ៉ាទាមទារ ឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនទទួលយកលក្ខខណ្ឌចំនួន៣ចំណុច។ ការតវ៉ានេះ ក៏មានចាក់សំឡេង តាមមេក្រូ និងបដាពាក្យស្លោកផងដែរ។
លក្ខខណ្ឌទាំង៣ចំណុចនោះ រួមមាន ៖
- ឲ្យម្ចាស់សណ្ឋាគារអនុញ្ញាតឲ្យបុគ្គលិកឈ្មោះ លី លីនដា បាននៅធ្វើការងារបន្តទៀត
- សុំឲ្យម្ចាស់សណ្ឋាគារអនុញ្ញាតឲ្យឈ្មោះ យីង ប៉េង ដែលត្រូវបានបានបញ្ឈប់ពីការងារកាលពីដើមខែសីហាឆ្នាំ២០១៣កន្លងមក បានចូលធ្វើបម្រើការងារវិញ
- និងទាមទារឲ្យបញ្ឈប់អ្នកគ្រប់គ្រងផ្នែកវិស្វកម្មម្នាក់ទៀតឈ្មោះ ស្រួយ សុខុម ដែលក្រុមអ្នកតវ៉ា អះអាងថា អ្នកគ្រប់គ្រងផ្នែកនេះបង្កបញ្ហាញឹកញាប់ បន្ទាប់ពីចូលបំរើការងារនៅទីនោះបាន៨ខែ ជាបុគ្គលិកសណ្ឋាគារ ឡឺមេរីឌានអង្គរ រយៈពេល៨ឆ្នាំ និងជាសមាជិកសហជីព លោក លី លីនដា ថ្លែងថា ម្ចាស់សណ្ឋាគារដែលជាជនជាតិថៃ មានគំរោងបញ្ចប់កុងត្រាការងារលោកនៅខែមករាឆ្នាំ២០១៤ ខាងមុខនេះ ដោយសាររើសអើងសហជីព ខណៈកិច្ចស្យាការងារនៅសល់ជាង១ខែទៀត។
លោកបន្ដថា ការបញ្ឃប់បែបនេះខុសច្បាប់ការងារត្រង់មាត្រា៨៣ ដែលចែងថា កម្មករដែលធ្វើការងារ បានរយៈពេលពីពីរឆ្នាំឡើងទៅអាចធ្វើការបានដោយស្វ័យប្រត្ដិ ពោលគឺមិនបាច់ចុះកិច្ចសន្យាការងារឡើយ លើកលែងតែបុគ្គលនោះមានមានកំហុសឆ្គង ទើបអ្នកគ្រប់គ្រងមានសិទ្ធិបញ្ឈប់បាន។
បុគ្គលិកផ្នែកអាហារ និងភេសជ្ជៈ រយៈពេល៨ឆ្នាំដែរនោះ លោក យីង ប៉េង ដែលត្រូវបាននិយាយថា ម្ចាស់សណ្ឋាគារបានបញ្ឈប់លោកពីការងារនៅដើមខែសីហា ឆ្នាំ២០១៣កន្លងមក ដោយសារមកធ្វើការយឺត១៥នាទី និងសង្ស័យថាលោកចូលជាសមាជិកសហជីព ។ នគរវត្ដ មិនអាចទាក់ទងម្ចាស់សណ្ឋាគារ ឡឺមេរីឌាន អង្គរ ដែលបុក្គលិកអះអាងថា ជាជនជាតិថៃបាននៅឡើយទេ ។
លោក អ៊ឹង ចំរើន អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប ដែលបានចូលសម្របសម្រួលករណីនេះ មានប្រសាសន៍យ៉ាងខ្លីថា អ្នកគ្រប់គ្រងសណ្ឋាគារ នឹងដោះស្រាយរយៈពេល៥ថ្ងៃទៀត ។ ទោះជាយ៉ាងណា លោក ម៉ម រិទ្ធី ប្រធានព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ខេត្ដសៀមរាប កត់សំគាល់ថា ម្ចាស់ក្រុមហ៊ុនមួយចំនួននៅខេត្តសៀមរាប តែងគាបសង្កត់បុគ្គលិករបស់ខ្លួនគ្រប់រូបភាព បន្ទាប់ពីពួកគេចូលជាសមាជិកសហជីព ។
ករណីនេះ បង្ហាញពីការរើសអើសសហជីព ជាក់ស្ដែងដូចជាម្ចាស់សណ្ឋាគារឡឺមេរីឌានអង្គរជាដើម។ លោកព្រមានថា នឹងធ្វើការតវ៉ាម្ដងទៀត នៅចុងខែវិច្ឆិកា ឆ្នាំ២០១៣ បើសិនមិនដំណោះស្រាយទេនោះ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment