លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅមាន ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនៅខេត្តកោះកុងបានដួលរលំ និងផ្ទះប្រមាណជា២៤៤ខ្នងទៀតរងការខូចខាត ។
លោក កែវ វី បានឲ្យដឹងថា ក្រៅពីខូចខាតផ្ទះប្រជាពលរដ្ឋនោះ ក៏មានផ្លូវចំនួន២កន្លែង និងទូកនេសាទចំនូន២ ទទួលរងការខូចខាតដែរ ដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង។ បើតាមលោក កែវ វី នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងទៀតរងការខូចខាតដែរ។
លោក កែវ វី បន្ថែមថាដោយឡែកប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំបឹង៥ ៥ស្រុកបវិល ខេត្តបាត់ដំបងវិញ អាជ្ញាធរកំពុងបន្តការជម្លៀស ពួកគេទៅរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈដែលជំនន់ទឹកភ្លៀងកំពុងលិចលង់ផ្ទះរបស់ពួកគេ។ រីឯស្ថានភាពនៅខេត្តកំពតវិញ ជំនន់ទឹកភ្លៀងបានបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ៤៣៨៣ គ្រួសារ ក្នុងចំនួន៤សង្កាត់ ក្នុងក្រុងកំពត និងចំនួន៥ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើដីស្រែចំនួន២២៩១ហិកតារងការខូតខាត និងមាន់ ទា ជាង ៣០ក្បាលងាប់។ ហើយនៅពេលនេះអាជ្ញាធរខេត្តបានប្រើប្រាស់កាណូត ដើម្បីចែក មី ទឹកសុទ្ធ ជាដើម សម្រាប់ប្រជាពលរដ្ឋទាំងនោះ។
