ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ
បច្ចុប្បន្នកំពុងរំកិលទៅរកសភាពជាធម្មតាវិញ
ក្រោយពីតុលាការធម្មនុញ្ញបដិសេធការរំលាយគណបក្សភឿថៃ
និងឱ្យបន្តការធ្វើវិសោធនកម្ម នាពេលអនាគត ។
នេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីជ័យជម្នះរបស់លោកស្រីយីងឡាក់
សុីណាវ៉ាត្រា នាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។
ក្រៅពីនេះ
ប្រព័ន្ធផ្សព្វផ្សាយនានាក៏បានកត់សម្គាល់លើហេតុការណ៍ទំនាស់ផ្នែក
នយោបាយដែលបានអូសបន្លាយពេលដ៏យូរកន្លងមក
ដោយទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់ថា ការសម្រេចលើកនេះ
ធ្វើឱ្យក្រុមអ្នកនយោបាយទាំង២ភាគីមានការពេញចិត្ត
ប៉ុន្តែអ្នកវិភាគមានជំនឿថា
គ្រាន់តែជាដំណោះស្រាយបញ្ហាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
រីឯការតស៊ូផ្នែកនយោបាយរបស់ភាគីទាំង២ នៅតែបន្ត ។ ចំណែក BBC
បានវិភាគថា តុលាការធម្មនុញ្ញរបស់ថៃ
មានអំណាចកំណត់លើដំណើរការនយោបាយមួយប្រភេទដ៏កម្រជួបនៅក្នុង
ប្រទេសដទៃ ។ កន្លងមក
តុលាការនេះធ្លាប់សម្រេចឱ្យរំលាយគណបក្សថៃរ៉ាក់ថៃ
កាលពីឆ្នាំ២០០៧ និងគណបក្សកម្លាំងប្រជាជននៅឆ្នាំ២០០៨ ។
ខណៈដែលស្ថានការណ៍នយោបាយថៃ ចាប់ផ្តើមធូរស្រាល
ក្រោយពីតុលាការធម្មនុញ្ញសម្រេចបដិសេធលុបចោលការរំលាយគណបក្សភឿថៃ
និងអនុញ្ញាតឱ្យមានវិសោធនកម្មផ្នែកច្បាប់
ស្របតាមគន្លងនៃការដឹកនាំប្រទេសបន្ត កាលពីថ្ងៃទី២០ វិច្ឆិកា
ខាងក្រុមបាតុករដែលទ្រទ្រង់រដ្ឋាភិបាល ឬក្រុមអាវក្រហម
បានប្រកាសបំបែកជួរក្រុមរបស់ខ្លួនដែរ
ប៉ុន្តែពួកគេគូសបញ្ជាក់ជាចុងក្រោយថា នឹងត្រឡប់មកជាថ្មី
ដើម្បីជំរុញឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃមាត្រា
២៩១ ។
លោកចាទូផន ព្រំផាន់
មេដឹកនាំក្រុមបាតុករអាវក្រហម ថ្លែងថា
សុំឱ្យក្រុមអាវក្រហមត្រៀមខ្លួន វិលត្រឡប់មកជាថ្មី
ប្រសិនបើមានការចង់ផ្តួលរំលំរដ្ឋាភិបាលទៀត ។
ស្របពេលជាមួយគ្នា លោកចាទូផន ក៏បានផ្តាំផ្ញើដល់លោកស៊ូថេប
ធឿកស៊ូបាន មេដឹកនាំក្រុមបាតុករប្រឆាំងនឹងច្បាប់លើកលែងទោស
ឬក្រុមអាវលឿងថា ប្រសិនបើលោកស៊ូថេប ព្រមឈប់
ក្រុមអាវក្រហមក៏ឈប់ បើមិនឈប់ យើងនឹងប៉ះគ្នាជាថ្មី
ខណៈពេលជំហរបស់ក្រុមបាតុករអាវក្រហមបញ្ជាក់ថា
ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដែលកើតឡើងពីការធ្វើរដ្ឋប្រហារ
និងទ្រទ្រង់ដល់សភារបស់រដ្ឋាភិបាល
ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៩១ ក្នុងជំពូកទី៣បន្ត
។
ដោយឡែក កាសែតញូ៉វយ៉កថែម
បានចុះផ្សាយពីស្ថានភាពទូទៅនៅក្នុងប្រទេសថៃ
ទាក់ទងនឹងបញ្ហានយោបាយថា វាកំពុងក្លាយជាទម្លាប់
និងជាប្រពៃណីរបស់ថៃទៅហើយ ។
ប្រសិនបើមានការមិនពេញចិត្តលើនរណាម្នាក់
ពួកគេក៏នាំគ្នាចេញធ្វើបាតុកម្មបណ្តេញចេញជំនួសការបោះឆ្នោត
ដែលជាគោលការណ៍ប្រជាធិបតេយ្យ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment