ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា
នៅក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្ត កោងកាង
មានរៀបចំក្បួនដង្ហែធម្មយាត្រាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់
ដ៏ធំមួយ ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់២៤
វិច្ឆិកា ។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ី មគ្គ
អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សេង រ៉ន
ប្រធានមន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យជាច្រើនរូបទៀត
ព្រះសង្ឃចំនួន៨០អង្គ យាយជី១០នាក់ តាជី១០នាក់
អ្នកស្ម័គ្រចិត្តអប់រំជំងឺគ្រុនចាញ់តាមភូមិ
និងអ្នកស្ម័គ្រចិត្តអប់រំជំងឺគ្រុនចាញ់ចល័តចំនួន១៣៧នាក់
បុគ្គលិកមណ្ឌលសុខភាពចំនួន១២នាក់
និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ។
ការដង្ហែធម្មយាត្រានេះគឺធ្វើឡើងនៅទូទាំង
ខេត្ត ក្នុងបំណងអប់រំប្រជាពលរដ្ឋចំណាកស្រុក
និងអ្នកភូមិចំនួន៥.០០០នាក់ ពីវិធានការការពារជំងឺឆ្លងនានា
និងជំរុញឱ្យទៅធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល
ជាពិសេសជំងឺគ្រុនចាញ់
បន្ទាប់ពីខេត្តមួយនេះបានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពី
ខែកន្លងមក ។ លោកវេជ្ជបណ្ឌិត សេង រ៉ន ថ្លែងថា
គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរដូវវស្សាឆ្នាំនេះ
បានបង្កឱ្យចំនួនករណីជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម
និងជំងឺរាករូស កើនឡើងយ៉ាងគំហុក
ជាពិសេសក្នុងចំណោមកម្មករចំណាកស្រុក ។
ក្តីព្រួយបារម្ភទាំងនេះ
បានញ៉ាំងឱ្យមន្ទីរសុខាភិបាលខេត្តចាត់វិធានការជាបន្ទាន់
ដោយសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
មន្ទីរធម្មការនិងសាសនាខេត្ត
និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)
រៀបចំយុទ្ធនាការធម្មយាត្រាទ្រង់ទ្រាយធំមួយ
ដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង
ពីគ្រោះថ្នាក់នៃជំងឺគ្រុនចាញ់ ការជ្រលក់ថ្នាំមុង
ការស្រាវជ្រាវរករោគសញ្ញាសង្ស័យ ការធ្វើរោគវិនិច្ឆ័យ
និងការព្យាបាលជំងឺគ្រុនចាញ់
ព្រមទាំងបញ្ហាសុខភាពទូទៅផ្សេងៗទៀត ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment