ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៏ លោក
គោ ស៊ុំសារឿត
នឹងត្រូវប្រកាសចូលកាន់តំណែងផ្លូវការជាអភិបាលខេត្តបន្ទាយមានជ័យ
ជំនួសសពលោក ទ្រី ណារិន
ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៣ ។
គួរបញ្ជាក់ថា លោក គោ ស៊ុំសារឿត កើតនៅថ្ងៃទី០១ ធ្នូ
១៩៥៦ នៅភូមិសំពៅលូន ឃុំសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកបានសិក្សាដល់ថ្នាក់ទីបញ្ចប់នៅសម័យលន់ នល់ ក្នុងឆ្នាំ១៩៧៥ ។
លោកបានរៀបអាពាហ៏ពីពាហ៏នៅឆ្នាំ១៩៧៥ និងមកដល់ពេលនេះ មានបុត្រា-បុត្រី៤នាក់
។ នៅថ្ងៃទី១៧ មេសា ១៩៧៥ លោក គោ ស៊ុំសារឿត
ក៏ដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀត ត្រូវបានពួកប៉ុល ពត
ជម្លៀសចេញពីរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត ។ សម្រាប់រូបលោក
ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅក្នុងខេត្តបាត់ដំបង ។
បន្ទាប់ពីបានរំដោះពីរបបប្រល័យពូជសាសន៏ប៉ុល ពត ភ្លាម
ក្នុងឆ្នាំ១៩៧៩ លោកត្រូវបានជាប់ឆ្នោតជាប្រធានភូមិសំពៅលូន (
លោកបានទៅរស់នៅក្នុងស្រុកកំណើតវិញ) និង ៣ខែក្រោយមក
លោកក៏ជាប់ជាមេឃុំសំពៅលូន។ បន្ទាប់ពីបានធ្វើជាមេឃុំមួយរយៈ
លោកក៏ត្រូវបានរដ្ឋអំណាចបញ្ជូនឲ្យមករៀននៅសាលានយោបាយមជ្ឈឹមក្នុងក្រុង
ភ្នំពេញ ។
ក្រោយបញ្ចប់ការសិក្សានៅសាលានយោបាយមជ្ឈឹម
លោកក៏ត្រូវបានតែងតំាងជាប្រធានមន្ទីរហិរញ្ញវត្ថុស្រុកក្រឡាញ់ និង
ជាប្រធានមន្ទីរហិរញ្ញវត្ថុខេត្តសៀមរាបនៅខែ មីនា ១៩៨០ ។ ឆ្នាំ១៩៨២
លោកបានបន្តសិក្សាវគ្គឧត្តមផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ និង
ត្រូវបានតែងតំាងជាសមាជិកបក្សខេត្តសៀមរាបនៅឆ្នាំ១៩៨៥ ។
ឆ្នាំ១៩៨៨ លោកត្រូវបានតែងតំាងជាប្រធានមន្ទីរទេសចរណ៏
ចំណុះអគ្គនាយកដ្ឋានទេសចរណ៏ ( មិនទាន់ដំឡើងជាក្រសួងទេសចរណ៏នៅឡើយទេ ) ។
ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ត្រូវបានតែងតំាងជាអគ្គនាយកក្រសួងទេសចរណ៏ និង
ពីឆ្នាំ២០០១ មកដល់បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងទេសចរណ៏ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment