គេហទំព័រសារព័ត៌មានដើមត្នោត(www.dtn7.com)ធ្លាប់បានចុះផ្សាយរួចហើយ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ញាក់សាច់របស់មន្ទីរពេទ្យម៉ារីយ៉ា(Maliya Hospital) មានទីតាំងឋិតនៅអគារលេខ៤១០ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលអួតខាងមានជំនាញបម្រើសេវាដេរ វះកាត់ និងប៉ះសន្ទះព្រហ្មចារីស្ត្រីបែបកូរ៉េ និងដេរបង្រួមទ្វារមាសបែបកូរ៉េ ហើយការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះក៏បានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ខណៈមន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ា(Victoria International Hospital) ឋិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាមន្ទីរពេទ្យមានអ្នកគ្រប់គ្រងតែមួយ និងមន្ទីរពេទ្យម៉ាលីយ៉ានោះ ក៏មានការផ្សព្វផ្សាយពាណិជ្ជកម្មដូចគ្នានេះដែរ ប៉ុន្តែទោះបីមានការរិះគន់យ៉ាងណាក៏ដោយ មន្ទីរពេទ្យទាំងពីរដែលមានប្រភពតែមួយនេះ មិនខ្ចីរាងចាល ឬកែលម្អឡើយ ។
ឥឡូវនេះ យោងតាមការមិនរាងចាលរបស់មន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ា និងយោងតាមមាត្រា១៤ និងមាត្រា១៦នៃច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានដែលមានឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រី បានសម្រេចឲ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្តល់សេវាកម្មផលិតព្រហ្មចារីស្ត្រីរបស់មន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ាហើយ តាមស្មារតីលិខិតលេខ០១៣៣ព.ម និងលេខ០១៣៤ព.ម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដែលបានជម្រាបជូនប្រធានមន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ា និងម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និយោជក និពន្ធនាយកសារព័ត៌មាន ទស្សនាវដ្តី និងគេហទំព័រទាំងអស់ ពីព្រោះក្រសួងយល់ឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ា ស្តីពីសេវាកម្មបច្ចេកវិទ្យាវះកាត់ ដេរព្រហ្មចារី និងកែរូបរាងប្រដាប់បន្តពូជស្ត្រី មានការអត្ថាធិប្បាយពន្យល់ហួសហេតុពេក នាំឲ្យប៉ះពាល់ដល់សីលធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់សង្គមកម្ពុជា ដែលមានជាយូរយារណាស់មកហើយ ។
មជ្ឈដ្ឋានអ្នករិះគន់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យម៉ាលីយ៉ា និងមន្ទីរពេទ្យអន្តរជាតិវិចតូរីយ៉ា ដែលអួតខាងវះកាត់ ដេរប៉ះសន្ទះព្រហ្មចារីស្ត្រីតាមបែបកូរ៉េនោះ បានលើកឡើងថា "ទីនេះប្រទេសកម្ពុជា មានវប្បធម៌ និងប្រពៃណីតាមបែបកម្ពុជា មិនមែនជាប្រទេសកូរ៉េ និងតាមបែបកូរ៉េទេ " ៕
ប្រភពៈ DTN7
No comments:
Post a Comment