សូមជម្រាបសួរលោកវេជ្ជបណ្ឌិត។ នាងខ្ញុំជាអ្នកអានទស្សនាវដ្ដី សុខភាពយើង របស់លោកម្នាក់។ នាងខ្ញុំមានសំណួរ មួយចំនួនសូមរៀបរាប់ជូនដូចតទៅនេះ។ កាលពីថ្ងៃទី២០ និងទី២១ ខែមេសា ឆ្នាំ២០០៨ នាងខ្ញុំបានរួមភេទជាមួយបុរសម្នាក់ ដោយមានប្រើប្រាស់ស្រោមអនាម័យចំនួន២លើក(យើងរួមភេទជាមួយគ្នាតែ២ដងប៉ុណ្ណោះ)។ កាលណោះ គាត់មានប្រើមាត់ (អូរ៉ាល់សិច)ជាមួយនាងខ្ញុំ។ គាត់ប្រើមាត់ថើបទ្វារមាសរបស់នាងខ្ញុំរៀងរាល់ពីរបីនាទីម្ដង រាល់ពេលរួមភេទទាំងពីរលើកនោះ។
រយៈពេល២២ថ្ងៃក្រោយពេលរួមភេទនេះ នាងខ្ញុំបានធ្វើតេស្ដឈាមរកមេរោគអេដស៍ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ នាងខ្ញុំបានធ្វើតេស្ដជាថ្មីនៅ៦២ថ្ងៃក្រោយ ហើយទទួលបានលទ្ធផលអវិជ្ជមានដដែល ដែលតេស្ដនោះធ្វើឡើងនៅគ្លីនិកតែមួយ និងប្រើឈ្មោះដូចគ្នា។ ការធ្វើតេស្ដរបស់នាងខ្ញុំធ្វើឡើងនៅថ្ងៃទី១៨កក្កដា(៩០ថ្ងៃក្រោយ)នៅគ្លីនិកដដែល ប៉ុន្ដែពេលនេះប្រើឈ្មោះផ្សេងទៀត តែលទ្ធផលនៅតែអវិជ្ជមានដដែល។ ក្រោយមកនៅថ្ងៃទី២១ កក្កដា(៩៣ថ្ងៃក្រោយ) នាងខ្ញុំបានទៅធ្វើតេស្ដនៅគ្លីនិកផ្សេងមួយទៀត លទ្ធផលក៏អវិជ្ជមានទៀត។ តើអាចនិយាយបានថា តេស្ដទាំងអស់នោះអាចជឿទុកចិត្ដបានឬទេ? នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំមិនមានសកម្មភាពផ្លូវភេទនៅក្នុងរយៈពេលនោះទេ មានន័យថាចន្លោះពីថ្ងៃទី២២មេសាដល់ថ្ងៃទី២១ កក្កដា ២០០៨។ នាងខ្ញុំធ្លាប់ឮគេនិយាយថា តេស្ដអាចជាក់លាក់យកជាការណ៍បាន ដរាបណារយៈពេល៦ខែ តែកន្លែងខ្លះថាតែ១៤ថ្ងៃ ឬ២៥ថ្ងៃ អាចយកជាការណ៍បានហើយតើពិតដែរទេ? តើពេលណាដែលអាចរកមេរោគឃើញ ក្រោយពីមានការរួមភេទដែលសង្ស័យ?
លោកស្រី ម. ច. ន អាយុ និងទីលំនៅ(មិនស្គាល់ សំណួរតាមរយៈអ៊ីម៉ែល)
លោកស្រី ម. ច. ន អាយុ និងទីលំនៅ(មិនស្គាល់ សំណួរតាមរយៈអ៊ីម៉ែល)
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាបឋម ខ្ញុំបាទសូមអរគុណលោកស្រីដែលបានគាំទ្រទស្សនាវដ្ដី សុខភាពយើង និងសាកសួរជា សំណួរមកយើងខ្ញុំ។ ខ្ញុំបាទសូមអនុញ្ញាតហៅប្អូនស្រីចុះ សូមអភ័យទោសបើអាយុច្រើនជាងខ្ញុំបាទ។ ជាដំបូង សូមកោតសរសើរប្អូន ស្រីដែលយកចិត្ដទុកដាក់ចំពោះការធ្វើតេស្ដឈាម និងការរៀបរាប់យ៉ាងក្បោះក្បាយ។ ដើម្បីងាយស្រួលយល់សំណួរ ខ្ញុំសូមសង្ខេបថា ប្អូនស្រីចង់សួរទាក់ទងនឹងការឆ្លងមេរោគអេដស៍តាមការរួមភេទ និងការធ្វើតេស្ដឈាម(រយៈពេលគួរធ្វើតេស្ដ, ទីកន្លែង និងគុណភាព តេស្ដ)។
ជាការពិតណាស់ការរួមភេទពិតជាអាចធ្វើឱ្យមានការឆ្លងជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ ជាពិសេសមេរោគអេដស៍។ ចំពោះការរួមភេទដែលមិនមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសឬទ្វារលាមក ហើយគ្រាន់តែមានការប្រើមាត់(លិទ្ធឬបៀម)នោះ មិនមានការឆ្លងមេរោគអេដស៍ទេ ហើយបើមានក៏មានតិចតួចបំផុត។ ចំពោះជម្ងឺកាមរោគផ្សេងទៀតមិនប្រាកដថាមិនឆ្លងនោះទេ ជាអាទិជម្ងឺរើម ឬរោគផ្សិតជាដើម។ ចង់និយាយថាបើបុរសឬស្ដ្រីមានរោគណាមួយអាចចម្លងគ្នាទៅវិញទៅមក បុរសអាចចម្លងទៅស្ដ្រី ស្ដ្រីក៏អាចចម្លងមកបុរសវិញដែរ។
ទាក់ទងនឹងការធ្វើតេស្ដឈាម រយៈពេល កន្លែងធ្វើតេស្ដ និងគុណភាពតេស្ដពិតជាសំខាន់ខ្លាំងណាស់ តែអ្វីដែលសំខាន់បំផុតនោះគឺប្រភេទតេស្ដឈាមឯណោះវិញទេ។ សព្វថ្ងៃនេះមានប្រភេទនៃការធ្វើតេស្ដឈាមជាច្រើន តែខ្ញុំបាទសូមសង្ខេបថាមានការធ្វើ តេស្ដគោល២ប្រភេទ គឺការធ្វើតេស្ដរកអង្គបដិបក្ខប្រាណប្រឆាំងមេរោគអេដស៍(Anti-HIV antibody, EliSA) និងការស្វែងរកមេរោគអេដស៍(HIV PCR)។ តេស្ដឈាមរកអង្គបដិបក្ខប្រាណ អាចរកឃើញនៅក្នុងឈាមចាប់ពីថ្ងៃទី២១ ក្រោយការប៉ះពាល់ការឆ្លង។ នៅរយៈពេល៣ខែតេស្ដអាចមើលឃើញភាគច្រើនលើសលប់ ហើយធានាថាច្បាស់១០០% លើសពីរយៈពេល៦ខែទៅ។ រីឯតេស្ដរកមេរោគអេដស៍ផ្ទាល់តែម្ដង ជាទូទៅអាចចាប់មើលឃើញចាប់ពី១សប្ដាហ៍(៧ថ្ងៃ)ទៅ តេស្ដនេះមិនសូវប្រើប្រាស់សម្រាប់ ការធ្វើតេស្ដបញ្ជាក់ការផ្ទុកមេរោគអេដស៍នោះទេ ជាទូទៅប្រើសម្រាប់តែករណីកុមារទើបនឹងសម្រាល។ ដូច្នេះករណីប្អូនស្រី ប្រហែលជាការធ្វើតេស្ដដោយប្រើតេស្ដរកអង្គបដិបក្ខប្រាណហើយមើលទៅ។ ការពិតប្អូនស្រីមិនចាំបាច់ទៅមើលដល់ទៅ៤ដងដូចដែលបានរៀបរាប់នោះទេ ត្រឹមតែ២ដងយ៉ាងច្រើនអាចយកជាការបានហើយ គឺត្រូវធ្វើនៅ៣ខែក្រោយ និង៦ខែក្រោយការរួមភេទឬការប៉ះពាល់ដែលសង្ស័យថាឆ្លង។ រីឯការធ្វើតេស្ដតែប៉ុន្មានថ្ងៃក្រោយមានការរួមភេទសង្ស័យនោះគ្រាន់តែបញ្ជាក់ថា តើមុនការសង្ស័យថាឆ្លងនោះមានការផ្ទុកមេរោគនេះដែរឬក៏អត់។
សរុបមកករណីប្អូនស្រីដែលសង្ស័យថាឆ្លងតាមការលិទ្ធប្រដាប់ភេទ គឺជាករណីកម្របំផុតទាក់ទងនឹងការឆ្លងមេរោគអេដស៍។ ហើយប្អូនស្រីក៏បានធ្វើតេស្ដចុងក្រោយលើសពី៣ខែដែរ។ ជារួមមកអាចសន្និដ្ឋានបានថា ប្អូនស្រីមិនអាចឆ្លងមេរោគអេដស៍ដ៏ ចង្រៃនេះបាននោះទេ។ សូមប្អូនស្រីឈប់បារម្ភទៀតទៅ ហើយសូមថែទាំខ្លួន កុំឱ្យមានរឿងសង្ស័យទៀតអី។ សង្ឃឹមថាប្អូនស្រី អាចទទួលយកចម្លើយទាំងនេះបាន តែបើមិនអស់ចិត្ដ ប្អូនស្រីអាចសរសេរសំបុត្រមកទស្សនាវដ្ដី សុខភាពយើង និងខ្ញុំបាទជាថ្មីទៀត បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
ប្រភព ៖ http://www.healthcambodia.com/
No comments:
Post a Comment