មនុស្សភាគច្រើនកើតជម្ងឺលើសឈាមដោយ
មិនដឹងខ្លួនជាច្រើនឆ្នាំ។ ព្រោះថាការលើសឈាម ឬសម្ពាធឈាមលើស
ជួនមិនបង្ករោគសញ្ញាឬវិបត្ដិអ្វីទាំងអស់ អ្នកជម្ងឺមានសភាពធម្មតា។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត សេង សេរី ឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសុមៈ និងប្រាប់ពីវិធីនៅក្នុងការថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាម ដើម្បីឱ្យលោកអ្នកជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ជម្ងឺលើសឈាម
ជម្ងឺលើសឈាមគឺជាសម្ពាធឈាមនៅក្នុងខ្លួនរបស់មនុស្សឡើងខ្ពស់ខុសពី ធម្មតា ដែលអាចធ្វើឱ្យសរសៃឈាមក្នុងខួរក្បាល ស្ទះឬដាច់ អាចធ្វើឱ្យមនុស្សយើងស្លាប់មួយចំហៀងខ្លួន។ ហើយនៅពេលដែលសម្ពាធឈាមឡើងខ្លាំង អាចធ្វើឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង។ កាលណាសម្ពាធឈាមឡើងខ្លាំងក៏អាចធ្វើឱ្យបែកសរសៃឈាមនៅក្នុងភ្នែក ខ្សោយតម្រងនោមជាដើម។
វិធីថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាម
ជម្ងឺលើសឈាមគឺទាមទារការថែទាំ និងការព្យាបាលអស់មួយជីវិត ហើយចំពោះវិធីថែទាំសុខភាពរបស់អ្នកជម្ងឺលើសឈាមមានបីវិធីដូចជា ៖
1 . របបអាហារ ៖ អ្នកជម្ងឺត្រូវកាត់បន្ថយចំណីអាហារណាដែលសម្បូរទៅដោយសារជាតិប្រៃ ជាតិស្ករ មិនត្រូវទទួលទានផ្អែមពេក។ ហើយសូមកាត់បន្ថយអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនពេក ត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន។
2 . ការធ្វើលំហាត់ប្រាណ ៖ ការធ្វើលំហាត់់ប្រាណ ដូចជាការដើរលឿនប្រមាណជា៣០នាទីនៅក្នុងមួយថ្ងៃឱ្យបានជាប្រចាំ វាមានសារៈប្រយោជន៍ខ្លាំងណាស់នៅក្នុងការជួយធ្វើឱ្យអ្នកជម្ងឺលើសឈាម មិនសូវឡើងទម្ងន់ខ្លាំង អាចជួយឱ្យសម្ពាធឈាមចុះបាន។
3 . ឱសថព្យាបាល ៖ អ្នកជម្ងឺត្រូវតែទទួលទានថ្នាំឱ្យបានទៀងទាត់ទៅតាមគ្រូពេទ្យណែនាំ មិនត្រូវធ្វេសប្រហែសឡើយ។ ត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជារៀងរាល់១ខែម្ដងឬ៣ខែម្ដង ដើម្បីប្រើថ្នាំ។ សូមចៀសវាងការប្រើថ្នាំឱ្យខ្លួនឯងផ្ទាល់។
វិធីការពារជម្ងឺលើសឈាម
ដើម្បីចៀសវាងការកើតជម្ងឺលើសឈាម លោកអ្នកមិនត្រូវទទួលទានស្រា បារីច្រើនហួសកំណត់នោះទេ(បន្ដិចបន្ដួចបាន) មិនត្រូវទទួលទានប្រៃពេក។ ហើយត្រូវថែរក្សាទម្ងន់កុំឱ្យធាត់ពេក ត្រូវកាត់បន្ថយនូវភាពមួម៉ៅ តានតឹង។ ហើយត្រូវចេះសម្រួលអារម្មណ៍ខ្លួនឯងកុំឱ្យឆាប់ខឹងច្រើនពេក។
ដំបូន្មានអ្នកជំនាញ
នៅកម្ពុជា ជម្ងឺលើសឈាមកើតមានច្រើនគួរឱ្យកត់សម្គាល់។ ជម្ងឺនេះកើតនៅលើប្រជាជនដែលចូលចិត្ដទទួលទានប្រៃពេក។ ដូច្នេះហើយលោកអ្នកដែលមានអាយុចាប់ពី៣០ឆ្នាំទៅ៤០ឆ្នាំ មិនគួរទម្លាប់ទទួលទានអាហារប្រៃពេក ផ្អែមពេក ឬខ្លាញ់ ច្រើនពេកនោះទេ។ លោកអ្នកមិនត្រូវមើលស្រាលចំពោះជម្ងឺលើសឈាមនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រសុខភាពកម្ពុជា
http://www.healthcambodia.com/p15901
No comments:
Post a Comment