ព្រះសីហនុ៖ ស្រ្តីអាយុ៧៧ឆ្នាំ ជនជាតិចិន
ជាភ្ញៀវទេសចរ មកកំសាន្តនៅក្រុងព្រះសីហនុ បានស្លាប់ ខណៈដែលកំពុង
ឆ្ពុង(ស្ទីម) នៅក្នុង សណ្ឋាគារសុខា ក្រុងព្រះសីហនុ វេលាម៉ោង ០៩
និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ DONG WEI CUI ភេទស្រី មានស្រុកកំណើតនៅខេត្ត HU BEI ភាគខាងជើងប្រទេសចិន ជាប់នឹងប្រទេស ម៉ុងហ្គោលី ។
ជនរងគ្រោះ កាន់លិខិតឆ្លងដែនលេខ E15588659 និងមាន ទិដ្ឋាការលេខ TF03619653 ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ចូលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈ ក្រុម គ្រួសារ ដោយមានប្តីនិងកូនៗ។
មិនទាន់មានប្រភពណា អះអាងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយមូលហេតុអ្វីពិតប្រាកដនោះទេ ដោយ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ថា មន្ទីរពេទ្យព្យាបាលតែអ្នកជំងឺ ដែលនៅរស់ទេ ដោយឡែកជនរងគ្រោះនេះបានស្លាប់ មុនពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យម៉្លេះ។
ដោយឡែកប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រវត្តិជំងឺបេះដូង ហើយនៅតែ ប្រើប្រាស់ថ្នាំបេះដូងជារៀងរាល់ថ្ងៃ ។ ដូចនេះគេមិនទាន់ដឹងថា ស្រ្តីរងគ្រោះនេះស្លាប់ ដោយប្រភេទ រោគបេះដូង អ្វីពិតប្រាកដនៅឡើយទេ ។
បច្ចុប្បន្ននេះសពជនរងគ្រោះកំពុងតម្កល់ទុក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយក្រុមគ្រួសារកំពុងទាក់ទងទៅស្ថានទូត របស់ខ្លួន ដើម្បីយកសពជនរងគ្រោះទៅធ្វើបុណ្យនៅស្រុកកំណើត ប្រទេសចិនវិញ ៕



ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment