ការចង់មានមុខជំនួញមួយប្រកបដោយជោគជ័យ
គឺជាក្តីសុបិនដែលមនុស្សគ្រប់គ្នាស្រមៃចង់បាន។
ក៏ប៉ុន្តែអ្វីដែលជារឿងសំខាន់នោះគឺការចេះរកវិធីសាស្រ្តដើម្បី
ធ្វើឲ្យក្តីសុបិននោះក្លាយទៅជាការពិត។
មិនមែនរាល់មុខជំនួញទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះឡើយ។
មានមនុស្សតិចតួចណាស់ដែលអាចទទួលបានជោគជ័យ ខ្លះក៏ទទួលបរាជ័យ
ហើយមួយចំនួនទៀតមិនហ៊ានសូម្បីតែចាប់ផ្តើមវិនិយោគផង
ដោយសារតែខ្លាចបាត់បង់ដើមទុន និងខាតពេលវេលា។
ពិតណាស់ ការធ្វើជំនួញអាចប្រឈមនឹងហានិភ័យកាន់តែខ្ពស់
ប្រសិនបើយើងមិនបានសិក្សាឲ្យបានល្អិតល្អន់លើទីផ្សារនៃមុខ
ជំនួញរបស់យើងនោះទេ។
នេះជាកត្តាដែលធ្វើឲ្យមនុស្សមួយចំនួនមិនហ៊ានប្រថុយប្រថាន
ក្នុងការវិនិយោគទុនលើវិស័យជំនួញ។
ភាគច្រើនពួកគេបែរជាងាកទៅរកទីផ្សារការងារទៅវិញ។
ដើម្បីឲ្យមានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើជំនួញ
និងជួយឲ្យសុបិននោះក្លាយជាការពិត LIFT បានជួបពិភាក្សាជាមួយ លោក
សៀន បុត្តា ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន វិកថឺរី អ៊ិន វេសមេន
ផ្លេន គ្រុប និងលោក គឹម ច័ន្ទត្រាបុត្រ ជាសហស្ថាបនិក
នៃបច្ចេកវិជ្ជាបណ្ណាល័យ និងជានាយកគម្រោង សឺលូសិន ខេមឡូធើស និងលោក ឈុន
វឌ្ឍនភក្តី ដែលជាប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន វីង (Wing)។
មានចំណុចសំខាន់ៗមួយចំនួនដែលអ្នកចង់ចាប់ផ្តើមប្រកបរបរជំនួញ គួរយល់ដឹង ដូចជា៖
១-គំនិត
គំនិត ជាចំណុចសំខាន់នាំមុខគេ មុនពេលធ្វើអ្វីៗទាំងអស់
ជាពិសេសគឺមុនពេលចាប់ផ្តើមធ្វើជំនួញ។
តើគំនិតប្រភេទណាដែលត្រូវបានចាត់ទុកថាជាគំនិតល្អ?
គំនិតក្នុងការធ្វើជំនួញដែលមនុស្សភាគច្រើនយល់ស្របថាល្អ
គឺជាគំនិតដែលថ្មី ប្លែក និងខុសពីគេ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន
សៀន បុត្តា បានឲ្យនិយមន័យថា៖
«គំនិតល្អមិនមែនជាគំនិតដែលយើងចេះតែឮពីគេ
ឬក៏ចេះតែគិតនោះដែរ
តែវាគឺជាគំនិតមួយដែលយើងច្នៃប្រឌិតដោយខ្លួនឯង។
តាមពិតគំនិតថ្មីក៏អាចជាគំនិតចាស់ផងដែរ
ប៉ុន្តែយើងគ្រាន់តែថែមនូវចំណុចថ្មីៗស្របនឹងអ្វីដែលជាការចង់
បានរបស់អតិថិជន»។ អ្នកជំនួញវ័យ៣១ឆ្នាំរូបនេះបានឲ្យដឹងទៀតថា៖
«យើងអាចរកឃើញនូវគំនិតថ្មីលើរបរដែលមានស្រាប់
ដោយគ្រាន់តែច្នៃប្រឌិតបន្តិចគឺយើងអាចធ្វើបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក គឹម ច័ន្ទត្រាបុត្រ
ក៏បានឲ្យតម្លៃខ្ពស់ផងដែរទៅលើគំនិតថ្មី ដែលមិនធ្លាប់មាន។
ក្រៅពីនេះការតាំងចិត្ត និងភាពច្បាស់លាស់នៃគម្រោង
ក៏ជាកាតាលីករសំខាន់មួយដែលជំរុញឲ្យការធ្វើជំនួញមានភាពជោគជ័យ។
គាត់បានពន្យល់ថា ដរាបណា អ្នកចាប់ផ្តើមជំនួញ
មានទំនុកចិត្តលើខ្លួនឯង សុទិដ្ឋិនិយម និងមានគោលដៅច្បាស់លាស់
រួមទាំងមានគម្រោងសម្រាប់ទ្រទ្រង់ពីក្រោយផងនោះ
គំនិតដែលមាននោះនឹងមិនរលាយបាត់ឡើយ។
២-ទីផ្សារ
គំនិតរកស៊ីដែលល្អគួរតែជាគំនិតដែលមើលទៅមានភាពសមស្របនឹង
តម្រូវការរបស់ អតិថិជន។ ជាពិសេស អ្នកជំនួញត្រូវយល់ឲ្យច្បាស់ថា
ផលិតផលឬសេវាកម្មដែលបម្រុងនឹងដាក់លក់នោះ
គឺជាអ្វីដែលមនុស្សត្រូវការ និងចូលចិត្តដែរឬទេ។ ទន្ទឹមគ្នានេះដែរ
លោក ឈុន វឌ្ឍនភក្តី បានយល់ឃើញថា ទីផ្សារគឺជាចំណុចសំខាន់ទីពីរ
ដែលត្រូវយល់ មុនពេលចាប់ផ្តើមរបរជំនួញ។ ដើម្បីអាចប្រកបរបរនេះបាន
អ្នកជំនួញត្រូវយល់ពីគោលបំណងនិងប្រភេទនៃអតិថិជនជាមុនសិន។
ម៉្យាងវិញទៀត
អ្នកជំនួញក៏ត្រូវយល់ឲ្យបានច្បាស់ពីស្ថានភាពនៃដៃគូប្រកួតប្រជែង
របស់ខ្លួនផងដែរ។ ត្រង់ចំណុចនេះ លោក សៀន បុត្តា បានពោលថា៖
«ការប្រកួតប្រជែង ជាកត្តាកំណត់ភាពជោគជ័យក្នុងការរកស៊ី»។
លោក បានបែងចែក ការប្រកួតប្រជែងជាបួនផ្នែកគឺ
ការប្រកួតប្រជែងលើរូបភាព តម្លៃ សេវាកម្ម និងគុណភាព។
ស្រដៀងគ្នានេះដែរ លោក គឹម ច័ន្ទត្រាបុត្រ
ក៏បានយល់ស្របនឹងទស្សនៈនេះដែរថា៖ «ការប្រកួតប្រជែងជួយអភិវឌ្ឍ
និងពង្រឹងមុខជំនួញ»។
៣-ម៉ាឃីតធីង
មនុស្សជាច្រើនតែងមើលឃើញថា ម៉ាឃីតធីង
គឺជាសកម្មភាពចូលជួបអតិថិជន ដើម្បីផ្សព្វផ្សាយអំពីផលិតផលអ្វីមួយ
តែមានតិចណាស់ដែលយល់ពីបំណងពិតនៃសកម្មភាពនេះ។ ម៉ាឃីតធីង
គឺជាការផ្សព្វផ្សាយអំពីម៉ាក ឬយីហោ (brand)
នៃផលិតផល ឬឈ្មោះអាជីវកម្មមួយ
ក្នុងបំណងប្រាប់ទៅកាន់អតិថិជនអំពីអ្វីដែលគេចង់ផ្សព្វផ្សាយ
និងអ្វីដែលគេអាចផ្តល់ជូនដល់អតិថិជនបាន។
ចំពោះលោក ភក្តី ដែលមានបទពិសោធជាង១០ឆ្នាំមកហើយក្នុងផ្នែកនេះ
បាននិយាយអំពីសារៈសំខាន់នៃម៉ាឃីតធីងថា៖ «ម៉ាឃីតធីង
និងការផ្សព្វផ្សាយ
ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យទីផ្សារស្គាល់ពីផលិតផល
និងសេវាកម្មរបស់យើង។ វារួមចំណែកធ្វើឲ្យម៉ាក ឬក៏យីហោ (brand)
របស់យើងកាន់តែល្បីឈ្មោះថែមទៀត»។
គាត់បានបន្ថែមថា ក្នុងជំនួញ គេតែងប្រើប្រាស់ការស្រាវជ្រាវ
ផ្នែកម៉ាឃីតធីង ដើម្បីឲ្យដឹងពីតម្រូវការក្នុងទីផ្សារ
និងអាចវិភាគពីលំនឹងនៃផលិតផលលើទីផ្សារ។
លោកបានពន្យល់ថា៖ «យើងធ្វើការស្រាវជ្រាវលើទីផ្សារ
ដើម្បីស្វែងយល់ឲ្យបានច្បាស់ថា
តើអតិថិជនគិតយ៉ាងណាអំពីផលិតផលរបស់យើង។
វានឹងធ្វើឲ្យយើងយល់យ៉ាងស៊ីជម្រៅពីយុទ្ធសាស្រ្តទីផ្សារ
មុនពេលដាក់លក់ផលិតផល។
យើងតែងតែធ្វើការស្រាវជ្រាវផ្នែកទីផ្សាររៀងរាល់មួយឆ្នាំ
ឬពីរឆ្នាំម្តងដើម្បីស្វែងយល់ពីការឆ្លើយតបពីអតិថិជន
និងស្វែងយល់ពីស្ថាភាពទីផ្សារដើម្បី
ធ្វើការសម្របសម្រួលខ្លួនទៅនឹងភាពផ្លាស់ប្តូរ»។
៤-ដើមទុន
ត្រង់ចំណុចនេះ មានសំណួរជាច្រើនបានលើកឡើងថា ចុះបើមានគំនិត
តែអត់ដើមទុន តើគួរខ្ចីលុយពីធនាគារដើម្បីចុះទុនរកស៊ីដែរឬទេ?
តើគួរតែដាក់បញ្ចាំប្លង់ផ្ទះ
ឬទ្រព្យសម្បត្តិដើម្បីបានដើមទុនដែរឬទេ? បើតាមបទពិសោធផ្ទាល់របស់
លោក សៀន បុត្តា
លោកបានចាប់ផ្តើមប្រមូលដើមទុនជំនួញរបស់គាត់ចេញពីអ្វីដែលគាត់មាន
។ នៅចុងឆ្នាំ២០០៦
គាត់បានចាប់ផ្តើមវិនិយោគដោយបង្កើតសាលាតូចមួយជាមួយប្រាក់ដែលគាត់
សន្សំបាន។
លោកបាននិយាយថា៖ «ដំបូងគឺត្រូវចាប់ផ្តើមជាមួយខ្លួនឯង
និងខំប្រឹងប្រែងដោយខ្លួនឯង។ បើសិនជាគ្មានលុយទេ
យើងអាចទៅធ្វើការឲ្យគេសិន ដើម្បីសន្សំលុយផង
និងបង្កើនបទពិសោធផង»។
ជាក់ស្តែង លោក បុត្តា នៅមុនពេលដែលលោក
ចាប់ផ្តើមដាក់ទុនវិនិយោគបង្កើតសាលារៀននេះ
គឺលោកធ្លាប់បានធ្វើជាគ្រូបង្រៀន
ដែលអាចឲ្យលោកមានឱកាសក្នុងការប្រមូលដើមទុន
និងបទពិសោធច្បាស់លាស់ក្នុងវិស័យនេះ។ លោក បុត្តា គិតថា
ដៃគូនិងអ្នកវិនិយោគនឹងមករកយើង
បើយើងអាចបង្ហាញពីភាពរឹងមាំនៃជំនួញរបស់យើង
ដែលគួរឲ្យទុកចិត្តបាន និងមានសុទិដ្ឋិនិយមចំពោះខ្លួនយើង។
៥-ក្រុម
តើយើងគួរចាប់ផ្តើមជំនួញជាក្រុមឬម្នាក់ឯង?
អ្នកជំនួញភាគច្រើនគិតថា វាអាស្រ័យទៅលើទំហំនៃជំនួញ។ ចំពោះលោក
គឹម ច័ន្ទត្រាបុត្រ បានបញ្ចេញទស្សនៈថា ក្រុមគឺជាឆ្អឹងខ្នងនៃជំនួញ។
លោកជឿជាក់ថា ដើម្បីធ្វើឲ្យជំនួញរីកចម្រើនយ៉ាងរលូន និងរឹងមំា
ក្រុមត្រូវតែបង្កើតឡើង។ លោកបានផ្តល់យោបល់ថា៖
«ក្រុមដែលបង្កើតឡើងត្រូវមានគំនិតរួមមួយ ហ៊ានលះបង់
និងមានការទទួលខុសត្រូវ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ច័ន្ទត្រាបុត្រ បានសង្កេតឃើញថា
ក្រុម គឺងាយនឹងបែកបាក់នៅពេលដែលផលចំណេញកើនឡើង
សមាជិកអាចនឹងកើតមានភាពលោភលន់ និងការច្រណែនគ្នា។
ដើម្បីដោះស្រាយបញ្ហានេះ លោកត្រាបុត្រ បានឲ្យជាគំនិតថា
រាល់ការធ្វើជំនួញនីមួយៗ គេគួរតែមានមេក្រុមម្នាក់
ដែលមានភារកិច្ចក្នុងការគ្រប់គ្រងក្រុមឲ្យស្ថិតលើផ្លូវរួមមួយ។
គាត់បានពន្យល់ថា៖ «មេក្រុមនេះ
មិនមែនជាអ្នកដឹកនាំគេទាំងស្រុងទេ តែជាអ្នកដែលជួយសម្រួល
និងទំនាក់ទំនងគោលរបស់ក្រុម»។ ម្យ៉ាងវិញទៀត
មេក្រុមត្រូវតែយល់ពីបុគ្គលិកលក្ខណៈរបស់សមាជិកទាំងអស់និងចេះ
បែងចែក ការងារគ្នា និងមានការទទួលខុសត្រូវជារួម។
សហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិជ្ជាបណ្ណាល័យរូបនេះបានពន្យល់ថា៖
«ក្នុងគណិត១បូក១ស្មើនឹង២ តែក្នុងក្រុមវិញ ១បូក១
មានតម្លៃធំធេងដែលមិនអាចស្មានដល់»។
៦-ការគ្រប់គ្រងជំនួញ
«ខ្ញុំមិនត្រូវធ្វើឲ្យ ជំនួញទី១របស់ខ្ញុំដួលជាដាច់ខាត»
នេះជាអ្វីដែល លោក សៀន បុត្តា តែងតែប្រាប់ខ្លួនឯង
នៅពេលដែលគាត់ទើបតែចាប់ផ្តើមធ្វើជំនួញដំបូង។ លោកគិតថា
មនុស្សច្រើនតែងបាក់ទឹកចិត្ត
និងអស់សង្ឃឹមច្រើននៅពេលដែលឈរមើលជំនួញទី១របស់ពួកគេដួលរលំ។
ដោយសារតែមានគំនិតបែបនេះហើយ
ទើបលោកតែងប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថា ត្រូវតែប្រយ័ត្ន
និងខំប្រឹងធ្វើការដើម្បីគេចឲ្យឆ្ងាយពីភាពបរាជ័យ។
លើសពីនេះទៅទៀត លោកក៏បានលើកឡើងថា
ការគ្រប់គ្រងពេលវេលាក៏ជាកត្តាសំខាន់ដើម្បីទទួលបានជោគជ័យផងដែរ។
លោកបាននិយាយថា៖ «ខ្ញុំជារៀងរាល់ថ្ងៃតែងតែដាក់កំហិតខ្លួនឯងថា
ត្រូវតែដើរពិនិត្យមើលមុខជំនួញ និងទីតាំងទាំងអស់ ដើម្បីធានាថា
វាដំណើរការបានល្អ»។ ជាចុងក្រោយ លោក បុត្តា
បានផ្តល់ជាចំណុចគន្លឹះក្នុងការគ្រប់គ្រងជំនួញប្រកបដោយជោគជ័យមួយ
ទៀតគឺ សិល្បៈនៃការប្រើប្រាស់មនុស្ស។
លោកបានសង្កត់ធ្ងន់ថា
ការលើកទឹកចិត្តគឺជាអ្វីដែលប្រធានក្រុមហ៊ុនត្រូវតែចេះប្រើប្រាស់។
ការផ្តល់ជារង្វាន់ដល់បុគ្គលិក ការដំឡើងឋានៈ
និងការទំនុកបម្រុងផ្សេងៗ
និងធ្វើឲ្យបុគ្គលិកមានភាពរីករាយក្នុងការបំពេញការងារ ជាមួយយើង។
ហើយអី្វដែលអ្នកជំនួញគួរធ្វើជាប្រចាំគឺ ការចេះនិយាយពាក្យថា
«អរគុណ» ឬការញញឹម ជាដើម។
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
No comments:
Post a Comment