ក្រុងម៉ាកាវ: Manny Pacquiao បានធ្វើការឧទ្ទិសការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅថ្ងៃអាទិត្យនេះជាមួយនឹងកីឡាករ Brandon Rios ទៅឲ្យប្រជាជនហ្វីលីពីន តាមរយៈការប្រកាសកាលពីថ្ងៃពុធថា៖ «ការប្រដាល់នេះគឺសម្រាប់អ្នកទាំងអស់គ្នា»។
កីឡាករប្រដាល់
របស់ហ្វីលីពីនរូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅមុនការ
ប្រដាល់ដណ្តើមខ្សែក្រវាត់ពីស្ថាប័នអង្គភាពកីឡាប្រដាល់ពិភពលោក
ហៅកាត់ថា WBO ក្នុងទម្ងន់មធ្យម (ពី៦៣,៥ ទៅ៦៧គីឡូក្រាម)
នៅទីក្រុងម៉ាកាវថា អារម្មណ៍របស់គេបានស្ថិតនៅជាមួយប្រជាជនរបស់គេ
ខណៈដែលពួកគេព្យាយាមស្តារឡើងវិញក្រោយពីខ្យល់ព្យុះសង្ឃរាហៃយ៉ានដ៏
កាចសាហាវ បានវាយប្រហារហ្វីលីពីនកាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ។
បុរសមានរហស្សនាមថា Pacman រូបនេះ
ដែលបានគ្រប់គ្រងខ្សែក្រវាត់ពិភពលោកចំនួន៨ក្នុងប្រភេទទម្ងន់
ខុសៗគ្នា បាននិយាយថា៖
«ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីឈ្នះការប្រកួតនេះ
និងដើម្បីផ្តល់ឲ្យមានការប្រកួតដ៏ល្អ
ជាពិសេសជាមួយនឹងអ្វីដែលបានកើតឡើងចំពោះប្រជាជនរបស់ខ្ញុំ»។
Pacquiao និង Rios
បានបង្ហាញពីការគោរពគ្នាទៅវិញទៅមកដ៏អស្ចារ្យអំឡុងសន្និសីទ
សារព័ត៌មាន
ដែលមានលក្ខណៈផ្ទុយគ្នាស្រឡះទៅនឹងគ្រូបង្វឹករៀងៗខ្លួនរបស់ពួកគេ
ដែលបានប៉ះទង្គិចសម្តីគ្នានៅកន្លែងហ្វឹកហាត់នៅឯរមណីយដ្ឋាន Venetian Macau កាលពីថ្ងៃពុធ។
កីឡាករ Pacquiao បាននិយាយប្រាប់ឲ្យដឹងទៀតថា៖
«រាល់អ្វីដែលខ្ញុំអាចនិយាយគឺថា
ក្រុមទាំងពីរបានត្រៀមលក្ខណៈល្អសម្រាប់ការប្រកួតនេះដូចគ្នា។
វានឹងស្រាយបញ្ជាក់នៅលើសង្វៀន
ហើយមិនមែនលើពាក្យសម្តីនៅមុនការប្រកួតឡើយ។
សូមរង់ចាំមើលនូវគំរូដ៏ល្អទៅកាន់អ្នកដែលស្ងើចសរសើរកីឡា
ប្រដាល់»។
កម្មវិធីប្រកួតដែលមានឈ្មោះថា Clash in Cotai មួយនេះ
នឹងត្រូវចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅកម្ពុជា)
នាព្រឹកថ្ងៃអាទិត្យ៕ IS
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment