បន្ទាប់ពី មហាបាតុកម្ម រយៈពេលបីថ្ងៃ របស់
គណបក្សសង្គ្រោះជាតិ នៅទីលាន ប្រជាធិបតេយ្យរួចមក
មន្ត្រីជាន់ខ្ពស់ ទាំងគណបក្សប្រជា ជនកម្ពុជា និង គណបក្ស សង្គ្រោះជាតិ
បាន បញ្ជាក់ពីគោលជំហរ នៃការចរចាថា កំណែ ទម្រង់ បោះឆ្នោត
គឺជាចំនុចរួម ដែលត្រូវចរចាគ្នា
ដើម្បីបិទបញ្ចប់ វិបត្តិនយោបាយ នៅកម្ពុជា។ យ៉ាងណាក៏ដោយ
មន្ត្រីគណបក្សទាំងពីរ មិនទាន់ដាក់ថ្ងៃកំណត់ នៃការចរចានៅឡើយទេ។គណបក្សជាប់ឆ្នោតធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបន្ទន់ជំហររបស់ខ្លួនស្តីពីវិបត្តិនយោបាយនៅកម្ពុជា ដែលកំពុងតែបន្តញាំញីនេះហើយ។
មន្ត្រីជាន់ខ្ពស់ការិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា លោកស ខេង បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា បើទោះបីជាគណបក្សទាំងពីរមិនទាន់កំណត់ថ្ងៃចរចាជាមួយគ្នាឡើងវិញក៏ដោយ ប៉ុន្តែ លោកថាបញ្ហាកំណែទម្រង់បោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានយល់ព្រមជាមួយគ្នាក្នុងការចរចា កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ គឺគួរយកមកអនុវត្តមុនដំបូងគេបង្អស់។ ហើយលោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិទាមទារឱ្យដោះស្រាយបញ្ហាម្តងទាំងកញ្ចប់ នោះ គឺពិតជាលំបាកដើម្បីបញ្ចប់វិបត្តិនយោបាយនេះណាស់។
វិបត្តិនយោបាយគឺស្តែងចេញពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្នុង អាណត្តិទី៥នេះ។ ហើយសម្រាប់បញ្ហាទាំងអស់នេះ លោក ស ខេង បានបញ្ជាក់ថា លោកបានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រួចអស់ហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់បន្ថែមថាយ៉ាងណានោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងដែរថា បញ្ហាចំបងរបស់គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវចរចាជាមួយគណបក្សប្រជាជននោះ នាពេលខាងមុខនោះ គឺបញ្ហាកំណែទម្រង់នៃការបោះឆ្នោត។ អ្នកនាំពាក្យរូបនេះបន្តថា សូម្បីតែគណបក្សប្រជាជនកម្ពុជាខ្លួនឯង ក៏បានទទួលស្គាល់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតផងដែរ ដោយគណបក្សកាន់អំណាចមួយនេះ បានប្រកាសឱ្យមានកំណែទម្រង់។
គួររំលឹកថា ដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោត គណបក្សសង្គ្រោះជាតិ ដែលមានសម្លេងឆ្នោតក្នុងសភានោះ បានធ្វើពហិការមិនចូលរួមប្រជុំសភា និងទាត់ចោលលទ្ធផលនៃការបោះឆ្នោត។ ហើយបានដឹកនាំប្រជាពលរដ្ឋរ៉ាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងទាមទាររកយុត្តិធម៌នៃការបោះឆ្នោត។
យ៉ាងណាក៏ដោយ គណបក្សធំៗទាំងពីរបានបញ្ជាក់ថា ថ្ងៃជួបចរចាសាជាថ្មីនោះមិនទាន់បានកំណត់នោះទេ បើទោះបីជាគណបក្សជាប់ឆ្នោតទាំងពីរបានដាក់គោលដៅរួមគ្នាគឺកំណែទម្រង់ បោះឆ្នោតយ៉ាងណាក៏ដោយ៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment