ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា
ខ្យល់ព្យុះឈ្មោះ ក្រសា ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី១វិច្ឆិកា។ តាមការព្យាករណ៍ ព្យុះនោះ
នឹងធ្វើដំណើរដល់ឆ្នេរសមុទ្រប្រទេសវៀតណាមភាគកណ្តាល
នៅថ្ងៃទី៤វិច្ឆិកា និងត្រូវថយឥទ្ធិពលមកជាវិសម្ពាធវិញ។ ព្យុះ
និងវិសម្ពាធនេះ នាំឲ្យប្រទេសយើង មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៥
ដល់ថ្ងៃទី៩វិច្ឆិកា នៅបណ្តាខេត្តមួយចំនួន ពិសេសតំបន់មាត់សមុទ្រ។
សេចក្តីជូនដំណឹង ចុះថ្ងៃទី១វិច្ឆិកា ចុះហត្ថលេខាដោយលោក លឹម គានហោ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ដោយឡែក
នៅថ្ងៃទី៨វិច្ឆិកា នឹងមានវិសម្ពាធថ្មីមួយទៀត
ធ្វើដំណើរកាត់លើផ្ទៃសមុទ្រភាគខាងត្បូង ជ្រោយឥណ្ឌូចិន។
ស្ថានភាពបាតុភូតអាកាសធាតុទាំងពីរនេះ ត្រូវបានក្រសួងធនធានទឹក
និងឧតុនិយម ប្រកាសថា អាចនឹងបង្កឲ្យប្រទេសយើង
មានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦
ខែវិច្ឆិកា នៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង
បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពត កែប និងខេត្តព្រះសីហនុ។
សេចក្តីប្រកាសលើកឡើងថា ដោយឡែកចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩
ខែវិច្ឆិកា ក៏នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន នៅរាជធានីភ្នំពេញ
ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ កំពត
កែប និងខេត្តព្រះសីហនុ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា
ផ្ទៃសមុទ្រ អាចនឹងមានខ្យល់ខ្លាំង ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ
អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទ
និងអ្នកធ្វើដំណើរតាមសមុទ្រ
ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕
ប្រភពៈ CEN
No comments:
Post a Comment