
ស្ត្រីជាមេខ្យល់ ទី១ ឈ្មោះ ហ៊ី ចាន់ណា អាយុ ៣៣ឆ្នាំ នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនរូបនេះ ជាអ្នកផ្តល់ផ្ទះឲ្យជនរងគ្រោះស្នាក់នៅ។ ទី២ ឈ្មោះ សារឿន នី អាយុ ២៥ឆ្នាំ នៅភូមិព្រែកអាជី ឃុំក្តុល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ជនរូបនេះ មានប្តីជាជនជាតិចិន នៅខ្វាងចូវ ហើយគេជា អ្នកផ្តល់សេវាកម្មគ្រប់បែបយ៉ាង ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិនរបស់ជនរងគ្រោះ។
ចំណែកជនរងគ្រោះ ក្នុងអំពើលក់ដូរឆ្លងដែន ទី១ ឈ្មោះ ភេន សុខន ភេទស្រី អាយុ ២៣ឆ្នាំ ទី២ ឈ្មោះ អោន មែន ភេទស្រី អាយុ ៣០ ឆ្នាំ។ អ្នកទាំងពីរនៅភូមិអូរបេង ឃុំមេជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងជិត ១០ ព្រឹក ថ្ងៃទី៣១ ខែតុលា មេខ្យល់បាននាំជនរងគ្រោះ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប។ ក្នុងពេលបំពេញបែបបទធ្វើលិខិតឆ្លងដែន សមត្ថកិច្ចទីនោះ មានការសង្ស័យ ក៏សួរដេញដោលយ៉ាងយូរ មិនតែប៉ុណ្ណោះ សមត្ថកិច្ចថែមទាំងតាមមើលអ្នកជូនដំណើរ (មេខ្យល់) ម្តងហើយម្តងទៀត រហូតពួកគេដឹងខ្លួន ក៏គេចបាត់។ ឃើញស្ថានការមិនប្រក្រតី សមត្ថកិច្ចព្រលានយន្តហោះ បានហៅខាងលោកស្រី ឲ្យយកជនរងគ្រោះទៅសួរនាំ ខណៈនោះជនរងគ្រោះប្រាប់ថា ពួកគាត់ត្រូវគេទិញសំបុត្រយន្តហោះ ឲ្យជិះទៅការប្តី នៅឯស្រុកខ្វាងចូវ ប្រទេសចិន។
លោកស្រីបន្តថា ក្រោយសាកសួរដឹងហេតុផល ក៏ឲ្យប៉ូលិសតាមស្វែងរកមេខ្យល់ និងឲ្យជនរងគ្រោះទៅជាមួយចាំបង្ហាញមុខមេខ្យល់ បន្ទាប់មកក៏បានឃើញពួកគេនៅចាំជិះតាក់ស៊ី ក្បែរស្ពានថ្មទើបឃាត់ខ្លួនតែម្តង។ លោកស្រី នាយការិយាល័យ បន្តថា ដើមចមដែលនាំឲ្យពួកគេមកឡើងយន្តហោះ នៅសៀមរាប គឺកាលថ្ងៃទី៣០តុលា មេខ្យល់បានទិញសំបុត្រយន្តហោះឯភ្នំពេញ ដោយមានបុរសជនជាតិចិនម្នាក់ ( ប្តីមេខ្យល់ ) ចាំនាំទៅជាមួយ។ តែដោយសំបុត្រនោះ ទិញតែទៅមិនបានទិញពេលត្រឡប់មកវិញ សមត្ថកិច្ចទីនោះ មិនអនុញ្ញាត ឲ្យទៅទើបមកទិញនៅសៀមរាប ហើយក៏បែកធ្លាយរឿងគេនាំទៅការប្តី ឯប្រទេសចិនយ៉ាងនេះ។
ជនរងគ្រោះទាំងពីរនាក់ ក្នុងម្នាក់ៗ មេខ្យល់ផ្តល់ប្រាក់ ៤០០ ដុល្លារ ទុកឲ្យក្រុមគ្រួសារចាយ ឯក្នុងខ្លួនពួកគេ មានតែម្នាក់ ១០.០០០ រៀលគត់ ពីខ្មែរទៅចិន។ លោកស្រីវរសេនីយ៍ទោ ឲ្យដឹងទៀតថា ក្រោយធ្វើការសាកសួរមេខ្យល់សារភាពថា ពួកគេពិតជាបាននាំស្ត្រីពីររូបនោះ ឲ្យទៅការប្តីនៅឯប្រទេសចិនមែន។ ដោយប្តីរបស់គេជា ជនជាតិចិន ឲ្យដើររើស មានប៉ុន្មាននាក់យកទាំងអស់។ ក្រោយសាកសួរជនរងគ្រោះ ប្រគល់ឲ្យទៅអង្គការមណ្ឌលអាហ្វេស៊ីប។ រីឯជនសង្ស័យបញ្ជូនទៅតុលាការ ដោយចោទពីបទ អំពើលក់ដូរមនុស្ស សម្រាប់នាំឆ្លងដែន។
លោកស្រីបញ្ជាក់ថា យោងមាត្រា១៦ នៃច្បាប់ប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការពារអនីតិជន គឺជនសង្ស័យ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ៕

No comments:
Post a Comment