ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវសារជាថ្មី
ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សូមរក្សាភាពស្ងប់ស្ងាត់
ប្រកាន់ការអត់ធ្មត់
និងចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹងឬប៉ះទង្គិច
គ្នាជាយថាហេតុ ក្នុងអំឡុងពេលតុលាការអន្តរជាតិក្រុងឡាអេ
បកស្រាយសាលក្រមបញ្ហាប្រាសាទព្រះវិហារនៅថ្ងៃទី១១ ខែវិច្ឆិកា
ឆ្នាំ២០១៣ខាងមុខនេះ។
សម្ដេច តេជោហ៊ុន សែនក៏បានបញ្ជាក់ពីសាវតារនៃរឿងហេតុជម្លោះនៅប្រាសាទព្រះវិហារ ដែលមានខ្លឹមសារថា ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះដើម្បីទូលប្រគេនព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនជនរួមជាតិទាំងអស់អំពីប្រវត្តិនៃរឿងក្ដីនេះដូចតទៅ ៖ បន្ទាប់ពីកងទ័ពថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារនាឆ្នាំ១៩៥៤ និងការខិតខំរកដំណោះស្រាយដោយសន្តិវិធី គ្មានដំណោះស្រាយរាប់សិបឆ្នាំកន្លងមក កម្ពុជាក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយជម្លោះនេះ។ ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ជាពិសេសផែនទីឧបសម្ព័ន្ធ១ ខ្នាត ១លើ២រយពាន់ ដែលត្រូវបានគូដោយគណៈកម្មការចម្រុះបារាំងសៀម។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចសេចក្ដីចំនួន៣ចំណុចគឺ ៖
- ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតីភាពប្រទេសកម្ពុជា។
- ថៃ មានកាតព្វកិច្ចដកកងទ័ព ប៉ូលិសនិងឆ្មាំផ្សេងទៀតឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជា។
- ថៃ មានកាតព្វកិច្ចប្រគល់ឲ្យកម្ពុជាវិញនូវរាល់វត្ថុបុរាណទាំងឡាយ ដែលអាជ្ញាធរថៃ បានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃបានកាន់កាប់ប្រាសាទព្រះ វិហារចាប់តាំងពីឆ្នាំ១៩៥៤មក។ ចាប់ ពីមានសាលដីកានៃតុលាការអន្តរជាតិឆ្នាំ១៩៦២មក ទំនាស់រវាងកម្ពុជានិងថៃពាក់ព័ន្ធនឹងតំបន់ប្រាសាទព្រះវិហារបាន ថមថយចុះ ហើយពុំមានលេចចេញជាទ្រង់ទ្រាយ ធំគួរឲ្យកត់សម្គាល់ឡើយ។ ក៏ប៉ុន្តែទំនាស់លើអធិបតីភាពលើតំបន់ប្រាសាទព្រះវិហារបានចាប់ ផ្ដើមឡើងកម្ដៅមកវិញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពីកងទ័ពថៃបានចូលមកក្នុងទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រ វត្តកែវសិក្ខាគិរីស្វារៈ។ ក្រោយពេលដែលប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភព លោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ តាមសំណើរបស់កម្ពុជា។
ក្នុងគោលបំណងបញ្ចប់ជម្លោះនេះដោយសន្តិវិធី ស្របតាមការអនុវត្តន៍ជាអន្តរជាតិ និងក្នុងទិសដៅរក្សាឲ្យបាននូវទំនាក់ទំនងជាដៃគូជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រទេសនិងប្រជាជនទាំង២ កម្ពុជា-ថៃ។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ ស្នើសុំឲ្យចេញវិធានការជាបន្ទាន់ ដើម្បីបញ្ចប់ការប៉ះទង្គិចដោយអាវុធផង និងស្នើសុំឲ្យតុលាការអន្តរជាតិបកស្រាយលើខ្លឹមសារនិងវិសាល ភាពនៃសាល ដីកា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ផង ដោយសារយើងឃើញថាទំនាស់ដែលកើតមានឡើងវិញ នៅតំបន់ប្រាសាទព្រះវិហារនេះ កើតចេញមកពីការបកស្រាយផ្សេងគ្នារវាងកម្ពុជានិងថៃ ទៅលើខ្លឹមសារនិងវិសាលភាពនៃសាលដីកាឆ្នាំ១៩៦២។
ជា លទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជាដាក់ ចេញនូវវិធានការបន្ទាន់ ដោយតម្រូវឲ្យភាគីទាំង២ដកទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះ អាសន្ន ទំហំ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាពទទួលពិនិត្យលើសំណើរបស់កម្ពុជា សុំឲ្យបកស្រាយសាលដីកាឆ្នាំ១៩៦២។
សម្ដេច តេជោហ៊ុន សែន ក៏បានគូសបញ្ជាក់សារជាថ្មីម្ដងទៀតថា ការដែលរាជរដ្ឋាភិបាលកម្ពុជាស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយ សាលដីកាឆ្នាំ១៩៦២នេះ គឺមិនមែនដើម្បីដុតបំពក់បន្ថែមនូវជម្លោះ ឬដើម្បីមហិច្ឆតាដើម្បីទឹកដីពីប្រទេសណានោះទេ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាលយល់ថា ចំណាត់ការនេះគឺជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាពនិងចាំបាច់ បំផុតដើម្បីភាគីទាំង២ អាចឈានទៅបញ្ចប់បញ្ហានេះបានប្រកបដោយសន្តិវិធី ក្នុងស្មារតីនៃការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតីភាពជាតិ និងបូរណភាពទឹកដីទៅវិញទៅមក និងការរក្សាទំនាក់ទំនង ជាអ្នកជិតខាងល្អ ។
រាជរដ្ឋាភិបាលកម្ពុជាតែងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការខិតខំ កសាងនូវខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់និងប្រែក្លាយតំបន់ ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
សម្ដេច តេជោ ហ៊ុន សែន ក៏បានបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍នោះទៀតថា ក្នុងស្មារតីនេះហើយ សម្ដេចតេជោ និងលោកជំទាវ យីងឡាក់ ស៊ីនណាវ៉ាត្រា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ ពារនៃព្រះរាជាណាចក្រថៃ មានជំហរស្របគ្នាថា បើទោះបីសាលដីការបស់តុលាការយុត្តិធម៌អន្តរ ជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំង២ត្រូវតែគោរពតាមសេចក្ដីសម្រេចនេះ ហើយខិតខំរក្សាឲ្យខាងតែបាននូវសន្តិភាព និងស្ថេរភាពនៅតាមបណ្ដោយព្រំដែន។
សម្ដេចតេជោក៏បានអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សូមរក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការអត់ធ្មត់ និងចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹងឬប៉ះទង្គិច គ្នាជាយថាហេតុ។ សម្ដេចក៏អំពាវនាវដល់ថេរានុត្ថេរៈ បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តរក្សាភាពស្ងប់ស្ងៀម បន្តចូលរួមរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស ក៏ដូចជាបន្តរក្សានិងលើកកំពស់ស្មារតីនៃទំនាក់ទំនងជាអ្នកជិត ខាងល្អ សាមគ្គីភាព មិត្តភាព ភាពសុខដុមរមនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំង២ កម្ពុជា-ថៃ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងសងខាងទាំងរយៈពេលចំពោះមុខ និងរយៈពេលវែងទៅមុខទៀត៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment