ភ្នំពេញ ៖
បញ្ហាស្វែងរកការងារជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី
កំពុងចោទបញ្ហាចំពោះគ្រួសារដែលបានបញ្ជូនកូនចៅចេញទៅស៊ីឈ្នួល
ក្រៅប្រទេស ព្រោះនៅពេលក្រុមហ៊ុនបិទទ្វារគ្មានទំនាក់ទំនង
អាចធ្វើឲ្យក្រុមគ្រួសារ និងកូនស្រីមិនអាចជួបគ្នាបាន។
បញ្ហានេះ កំពុងចោទលើគ្រួសារមួយ រស់នៅជនបទ ក្នុងខេត្តកំពង់ចាម
ដែលបាត់ដំណឹងកូនស្រីជិត ៤ឆ្នាំ
ហើយស្វែងរកកូនតាមរយៈអង្គការខារាមកម្ពុជា (Caram Cambodia)។
គ្រួសារមួយរស់នៅក្នុងភូមិត្រពាំង
រាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម
ដាក់ពាក្យប្ដឹងនៅអង្គការខារាមកម្ពុជា
ឲ្យជួយស្វែងរកកូនស្រីឈ្មោះ រឿន ដានី
ដែលទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី
ហើយបាត់ដំណឹងកូនជិត ៤ឆ្នាំ
ក្រោយពីរដ្ឋាភិបាលផ្អាកក្រុមហ៊ុនមិនឲ្យនាំពលករចេញថែមទៀត
កាលពីរឆ្នាំមុន។
លោក អិត សារឿន អាយុ ៤១ឆ្នាំ
មានកូន ៩នាក់ បានឲ្យដឹងថា កូនស្រីច្បងអាយុ ១៨ឆ្នាំ ឈ្មោះ
រឿន ដានី ទៅធ្វើការជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី
ជាមួយកូនស្រីអ្នកភូមិត្រពាំងរាំង ២នាក់ទៀត តាមក្រុមហ៊ុន
អិម.វ៉ាយ.អែស (MYS) តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០។
លោកថា កូនស្រី រឿន ដានី
ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បាន ៦ខែ
ក្រុមហ៊ុនបានឲ្យម្តាយជួបកូនស្រីតាមទូរស័ព្ទបានម្តង។
ក្រោយពីរដ្ឋាភិបាលផ្អាកក្រុមហ៊ុននានាមិនឲ្យនាំពលករទៅធ្វើការនៅ
ក្រៅប្រទេសមក ដំណឹងអំពីកូនស្រីគាត់ក៏បាត់ឈឹងជិត ៤ឆ្នាំ ។ លោកថា
«ខាង ខ្ញុំចេះតែភ័យព្រួយបារម្ភ ខ្លាចដូចថាអាណត្តិវាទៅនោះ
តែ ២ឆ្នាំវិលវិញ ហើយដល់ច្រើនឆ្នាំពេក
អត់ឃើញវាវិលវិញខ្លាចអ៊ីចេះមួយអ៊ីចុះពីរ ខ្លាចគេបោក
ឬក៏វាស្លាប់អីទៅ យើងអត់ដឹងដំណឹង»។
លោកស្រី មុំ ធឿន អាយុ ៣៨ឆ្នាំ
ជាម្តាយ រឿន ដានី ថ្លែងថា ពេលកូនគាត់ចេញពីភូមិទៅនោះ
ក្រុមហ៊ុន អិម.វ៉ាយ.អែស បានសន្យាថា ២ឆ្នាំ
កូនគាត់ចប់កិច្ចសន្យា នឹងមកផ្ទះវិញហើយ។ ឥឡូវជិត ៤ឆ្នាំហើយ
មិនឃើញកូនគាត់ត្រឡប់មកវិញទេ
ទើបគាត់បារម្ភខ្លាំងមិនដឹងកូនស្លាប់ ឬរស់។ លោកស្រីបន្ថែមថា
ក្មេងស្រី ២នាក់ ដែលចេញទៅបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី
ជាមួយកូនស្រីគាត់ ពួកគេបានមកដល់ផ្ទះវិញហើយ បាត់តែកូនស្រី
រឿង ដានី មិនឃើញមកវិញ។ លោកស្រីថា ទោះបីកូនស្រីស្លាប់ ឬរស់
សូមឲ្យគាត់ជាឪពុកម្តាយ បានទទួលដំណឹងផង ។ គាត់ថ្លែងថា
«ក្រុមហ៊ុនបិទ ខ្ញុំមិនដឹងទៅរកឯណា បើខ្ញុំទៅរកអត់ឃើញផង»។
លោក អ៊ុក ចន្ធី
ដែលបានយកឯកសារក្មេងស្រី រឿន ដានី
បាត់ខ្លួននៅប្រទេសម៉ាឡេស៊ី មកប្ដឹងនៅអង្គការខារាមកម្ពុជា
បំណងឲ្យជួយរកក្មេងស្រីរូបនោះ បានឲ្យដឹងថា ក្រុមហ៊ុន
អិម.វ៉ាយ.អែស បានបិទទ្វារហើយ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment