ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលថៃបានថ្លែង
កាលពីថ្ងៃពុធម្សិលមិញអះអាងថា
ថៃនៅមិនទាន់ទទួលយកសេចក្តីសម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិ
ក្រុង ឡាអេ ស្តីពីប្រាសាទ ព្រះវិហារ ទេ
ហើយក៏មិនទាន់ព្រមដកកងទ័ពចេញពីព្រំដែនជិតប្រាសាទនេះដែរ
រហូតទាល់តែភាគីទាំងពីរបានជួបពិភាក្សាគ្នា។
លោក Sek Wannamethee អ្នកនាំពាក្យនៅក្រសួង ការបរទេស ថៃ
បានថ្លែងថា ថៃមិនទទួលយកសាលដីកាតុលាការក្រុង ឡាអេ ដែលបានបំភ្លឺថា
កម្ពុជា មានអធិបតេយ្យនៅលើតំបន់ជុំវិញប្រាសាទ ព្រះវិហារ
ហើយនិងព្រំដែននៅជិតប្រាសាទ ព្រះវិហារ។
លោក Wannamethee បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «[យើង]
មិនបានទទួលយកសេចក្តីសម្រេចនោះទេ។
ភាគីទាំងពីរត្រូវជួបប្រជុំគ្នា។
ភាគីទាំងពីរត្រូវការពេលវេលាដើម្បីសិក្សានិងវិភាគខ្លឹមសារ
របស់សាលក្រម។ កងទ័ពមិនត្រូវដកចេញទេ
ព្រោះភាគីទាំងពីរនៅមិនទាន់បានជួបប្រជុំគ្នានៅឡើយ»។
សាលដីកាតុលាការយុត្តិធម៌អន្តរជាតិបានកំណត់ថា
ថៃមានកាតព្វកិច្ចត្រូវដកឆ្មាំ កងទ័ព ឬ
នគរបាលចេញពីតំបន់នៅជុំវិញប្រាសាទ ព្រះវិហារ
ដែលជាអធិបតេយ្យរបស់ប្រទេស កម្ពុជា
និងបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោក Wannamethee បានថ្លែងថា តើថៃទទួលយកសាលដីកាឬយ៉ាងណានោះគឺអាស្រ័យទៅលើកិច្ចពិភាក្សាទ្វេភាគីនាពេលខាងមុខ។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងកាលពីម្សិលមិញថា
ភាគីទាំងពីរបានសន្យាអនុវត្តសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ
ICJ បានពេញលេញ។
លោកបន្ថែមថា៖ «វាច្បាស់លាស់។
ភាគីទាំងពីរបានសន្យាគោរពតាមតុលាការយុតិ្តធម៌អន្តរជាតិ។ ប៉ុន្តែ
គេត្រូវពិភាក្សាគ្នា
ដើម្បីឲ្យយល់អំពីចំណុចបច្ចេកទេសដើម្បីកំណត់ថា
តើអ្វីជារបស់អ្នកណា»។ លោកបន្តថា៖
«តាមគោលការណ៍ភាគីថៃត្រូវដកកងទ័ពចេញ ប៉ុន្តែដករបៀបណា?
នោះជាសំណួរ»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ បានឲ្យដឹងថា
លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងថា កងទ័ព
ត្រូវឈរជើងនៅតំបន់ព្រំដែនជាបណ្តោះអាសន្នសិន។
លោកស្រី យីងឡាក់
ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីក្រុមជាតិនិយម ដែលថា
រដ្ឋាភិបាលរបស់លោកស្រីបានធ្វើឲ្យបាត់បង់ទឹកដីទៅខាង កម្ពុជា។
កាសែត បាងកក ប៉ុស្តិ៍ បានរាយការណ៍ថា លោក Somchai Sawaengkam
សមាជិកគណៈកម្មាធិការព្រឹទ្ធសភាស្តីពីកិច្ចការបរទេស បានអះអាងថា
ថៃបានបាត់បង់ទឹកដីយ៉ាងតិច ១ ទៅ ១,៥
គីឡូម៉ែត្រការ៉េដោយសារតែសាលដីកាតុលាការយុត្តិធម៌អន្តរជាតិកន្លងទៅ។
កាសែតក៏បានរាយការណ៍ថា
ព្រឹទ្ធសមាជិករូបនេះបានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាពី
គុណសម្បតិ្ត និងគុណវិបតិ្តនៃសាលដីកា ដើម្បីសម្រេចថា តើ
គួរគោរពឬយ៉ាងណា? ខណៈមានអ្នកស្នើឲ្យធ្វើប្រជាមតិ។
សាលដីការបស់តុលាការយុតិ្តធម៌អន្តរជាតិ ជាសាលដីកាចងកាតព្វកិច្ច ហើយមិនអាចប្តឹងឧទ្ធរណ៍/ប្តឹងសារទុក្ខបាននោះឡើយ៕ TK
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment