លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងថា នគរបាលបានបញ្ជូនមនុស្សពីរនាក់ទៅតុលាការពាក់ព័ន្ធនឹងករណីកុបកម្ម នៅខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលបានចាប់ផ្តើមដោយកម្មកររោងចក្រ អេស អិល ជាង ៦០០ នាក់ ដែលដើរក្បួនតវ៉ាពីថ្ងៃ អង្គារ។
យុវជនទាំងពីរនោះម្នាក់ឈ្មោះ មាស នន់ អាយុ ២៥ ឆ្នាំ រស់នៅកុដិលេខ ២ ក្នុងវត្ត ស្ទឹងមានជ័យ ជាអ្នករើសអេតចាយ និង វណ្ណី វណ្ណន អាយុ ១៩ឆ្នាំ ជាកម្មករលក់ខ្សាច់នៅជិតវត្ត ស្ទឹងមានជ័យ។
បាតុកម្មនេះនៅទីបំផុត នគរបាលបានធ្វើការបង្ក្រាបដោយប្រើឡានទឹក គ្រាប់បែកផ្សែង ចម្ពាមកៅស៊ូ និងផ្ទុះកាំភ្លើងផងដែរ ដែលបណ្តាលឲ្យស្រ្តីលក់បាយអាយុ ៤៩ឆ្នាំ ឈ្មោះ អេង សុខុម ស្លាប់ របួសពលរដ្ឋ ៩នាក់ និងរបួសប៉ូលិស ៤៧នាក់ ដុតឆេះរថយន្តប៉ូលិស ២ គ្រឿង ម៉ូតូប៉ូលិសពីរ គ្រឿង និងបែកកញ្ចក់ឡានទឹក ២ គ្រឿង។
លោក ជួន ណារិន្ទ បានបញ្ជាក់ថា៖ «ក្នុងចំណោមមនុស្ស ៣១នាក់ មានកម្មកររោងចក្រ អេស អិល តែម្នាក់ប៉ុណ្ណោះ ហើយអ្នកដទៃទៀត គឺជាពួកឆ្លៀតឱកាសប្រើហិង្សា ដើម្បីវាយប្រហារទៅលើនគរបាលនិងបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ នោះហើយជាមូលហេតុដែលយើងចាប់ខ្លួនពួកគេ»។
ទោះយ៉ាងណាក្តី អ្នកត្រូវចាប់ខ្លួនចំនួន ២៩នាក់ ទៀត ដែលក្នុងនោះរួមមានព្រះសង្ឃ ៧អង្គ ផង គ្មាននរណាម្នាក់រងការចោទប្រកាន់ពីប៉ូលិសទេ ហើយត្រូវបានដោះលែងកាលពីម្សិលមិញ ខណៈដែលភាគច្រើននៅក្នុងចំណោមពួកគេបាននិយាយថា ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនដោយមិនច្បាស់លាស់។
ថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ ពីក្នុងបន្ទប់ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ក្រុង សូណេត អាយុ ៣០ឆ្នាំ ជាអ្នករត់ម៉ូតូឌុបបានប្រាប់ថា នគរបាលបានវាយគាត់ឡើងទ្រមខ្លួនមុនពេលចាប់ខ្លួនគាត់ បើទោះជាគាត់មិនមែនជាសមាជិកក្រុមអ្នកតវ៉ានៅរោងចក្រ អេស អិល ក៏ដោយ។ សូណេត និយាយថា៖ «ខ្ញុំមិនដឹងថា ហេតុអ្វីបានជានគរបាលសំដៅមករកខ្ញុំ ហើយវាយខ្ញុំដូចជាសត្វធាតុ»។
លោក ឃីម អាយុ ២៧ឆ្នាំ ជាមនុស្សម្នាក់ទៀតក្នុងចំណោមមនុស្ស ១៣នាក់ ដែលស្ថិតនៅក្នុងបន្ទប់ឃុំខ្លួនជាមួយលោក ក្រុង សូណេត កាលពីយប់ថ្ងៃអង្គារ បានឲ្យដឹងដែរថា នគរបាលបានចាប់ខ្លួនគាត់ បន្ទាប់ពីក្រុមអ្នកតតាំងជាមួយនគរបាលបានរត់គេចខ្លួនបាត់អស់។
លោក ឃីម ដែលជាអ្នកដូរប្រាក់ជិតនោះផងបន្តថា៖ «ខ្ញុំដឹងថាខ្ញុំមិនបានធ្វើអ្វីខុសទេ។ នោះជាហេតុផល ដែលខ្ញុំទៅនៅក្នុងវត្ត»។
លោក ជួន ណារិន្ទ បានថ្លែងថា បុរសពីរនាក់ដែលត្រូវបានបញ្ជូនទៅតុលាការកាលពីម្សិលមិញមិនទាន់ ត្រូវបានចោទប្រកាន់នៅឡើយទេ ប៉ុន្តែពួកគេបានគប់ដុំថ្មទៅលើនគរបាលនិងបានបំផ្លាញរថយន្ត នគរបាលចំនួនពីរនិងម៉ូតូពីរ។ ក្នុងចំណោមបុរសទាំងពីរនាក់នេះ គ្មាននរណាម្នាក់ជាកម្មកររោងចក្រ អេស អិល ទេ។
ក្រុមគ្រួសារជនរងគ្រោះពីការបង្ក្រាបដោយហិង្សាទៅលើបាតុករនៅ មុខវត្ត ស្ទឹងមានជ័យ កាលពីថ្ងៃអង្គារថា ពួកគេនឹងដាក់ពាក្យប្ដឹងទៅតុលាការដើម្បីឲ្យស៊ើបអង្កេតស្វែងរកជន ល្មើសមកផ្ដន្ទាទោស។ លោក ង៉ែត វង្ស ប្ដីស្ត្រីរងគ្រោះឈ្មោះ អេង សុខុម អាយុ ៤៩ឆ្នាំ ដែលរងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចស្លាប់បានអះអាងពីការប្តឹង ប្តល់នេះ៕ PS
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
No comments:
Post a Comment