ការីបីសាសន៍សាច់គោចំឡក និងកន្សោមពងមាន់ |
ភ្នំពេញ: ខុសប្លែកពីសម្លការីធម្មតា ការីបីសាសន៍នៅ ហាង The ឆ្ងាញ់មានគ្រឿងផ្សំដូចជា កន្សោមពងមាន់ សាច់គោចំឡក ដូងទុំកោស អំបិល ស្ករស កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម សណ្ដែកដី និងជីរវ៉ាន់ស៊ុយ។
វិធីធ្វើ :
- លាយគ្រឿងផ្សំ កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម និងកាពិទាំងអស់ចូលគ្នាបុកក្នុងត្បាល់ ឬក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្ដែកដី។ ទុកគ្រឿងដែលបុក ឬក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
- បន្ទាប់មក ត្រូវពូសដូងកោសយកខ្ទិះ ហើយទុកទឹកខ្ទិះខ្លះសម្រាប់ប្រើចុងក្រោយ។
- ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្ដៅ ទុករម្ងាស់រហូតដល់ឡើងប្រេង។
- បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
- បង់គ្រឿងដែលបុករួចខាងលើ រួចដាក់អំបិល ស្ករស និងម្សៅស៊ុប ហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
- សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
- ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
- យកសាច់ចំឡកអាំង និងកន្សោមពងមាន់ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយអំពុះ ហើយដួសដាក់ចាន។
- រោយជីរវ៉ាន់ស៊ុយ នោះជាការស្រេច៕
ដោយៈ ឈឹម ស្រីនាង
ប្រភពៈ ភ្នំពេញប៉ុស្ត៍
No comments:
Post a Comment