លោកបណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ចូលរួមក្នុងវេទិកា អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ |
អ្នករស់នៅជាមួយលោកបណ្ឌិត កែម ឡី ដែលត្រូវជាសាច់ញាតិ និងអ្នកភូមិផងរបងជាមួយ ដែលជាស្រុកកំណើតរបស់លោក កែម ឡី សុទ្ធតែបានអះអាងថា អ្នកវិភាគសង្គម និងបញ្ហានយោបាយរូបនេះ គឺជាអ្នកមានប្រាស្រ័យទាក់ទងល្អហើយជាមួយអ្នកភូមិ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោក កែម ឡី ក៏ជាសិស្សដែលតែងជួយយកអាសាសិស្សដូចគ្នានៅក្នុងថ្នាក់ថែមទៀតផង។
មានមនុស្សជាច្រើនដែលបានស្គាល់លោក កែម ឡី ក្នុងភូមិជាមួយអះអាងថា គាត់គឺជាអ្នកដែលព្យាយាមអត់ធ្មត់ក្នុងការសិក្សា មិនតែប៉ុណ្ណោះជាមនុស្សដែលមានទស្សនៈវិស័យវែងឆ្ងាយគួបផ្សំនិស្ស័យពីកំណើត ដែលរៀនឆ្លាតស្រាប់ផង បានរុញច្រានឲ្យលោកក្លាយបុគ្គលដែលចាប់អារម្មណ៍ និងទទួលការស្រលាញ់រាប់អានដូចសព្វថ្ងៃនេះ។
រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ និងធ្លាប់ជាមិត្តរួមថ្នាក់ជាមួយលោកបណ្ឌិត កែម ឡី បុរសដែលមានវ័យប្រមាណ ៥០ឆ្នាំ លោក អ៊ុង ចន និយាយថា យុវជន កែម ឡី កាលនៅសិក្សាគឺជាមនុស្សដែលរៀនឆ្លាតជាងគេ បើប្រៀបធៀបនឹងសិស្សក្នុងថ្នាក់ដែលលោកធ្លាប់រៀនជាមួយ។
លោកបន្តថា ស្ថានភាពគ្រួសារលោក និងយុវជន កែម ឡី កាលពីជាង ២០ឆ្នាំមុននោះ គឺមិនខុសគ្នាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យយុវជន កែម ឡី មានការប្រែប្រួលដូចសព្វថ្ងៃ គឺការព្យាយាមរបស់គាត់តែម្ដង៖ «រៀនជំនាន់ហ្នឹងដើរ ហើយនិងជិះកង់ហ្នឹង។ អ្នកខ្លះមិនទាន់ទាំងមានកង់ជិះផង ច្រើនតែដើរភាគច្រើន។ គិតទៅដើរពីនេះដល់សាលា ជា ស៊ីម មិនធម្មតាណា ប្រមាណ ៣ ទៅ ៤គីឡូម៉ែត្រ ប៉ុន្តែដើរលឿន»។
លោក កែម ឡី កើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងចំណោមបងប្អូនបីនាក់ លោកគឺជាកូនទី២។ក្រោយពី ឪពុករបស់លោកបានទទួលមរណភាពក្នុងជំនាន់ ប៉ុល ពត ហើយលោកនិងបងប្អូនរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយ ដែលមានមុខរបរជាអ្នកលក់នំបញ្ចុក បាញ់ឆែវ និងគ្រឿងទេសខ្លះផង។
លោក ភោគ សម្បូរ ហៅ ចយ ដែលត្រូវជាបងជីដូនមួយរំលឹកប្រវត្តិកាលពីនៅកុមារភាពថា ប្អូនរបស់លោក (លោកបណ្ឌិត កែម ឡី) ជាមនុស្សស្លូតបូត ប៉ុន្តែម៉ឺងម៉ាត់ក្នុងការសិក្សា។លោកបន្ថែមថា ពេលរៀនគឺលោក កែម ឡី ជាសិស្សដែលពូកែ ហើយរបៀបនៃការសិក្សារបស់លោក កែម ឡី មិនចាំបាច់ទន្ទេញដូចអ្នកដទៃនោះដែរ។ លើសពីនេះទៀត មុខវិជ្ជាដែលលោក កែម ឡី រៀនពូកែជាងគេ គឺគណិតវិទ្យាតែម្ដង។ មិនតែប៉ុណ្ណោះ លោក កែម ឡី រឹតតែមានសមត្ថភាពខ្ពស់ជាងនេះទៀតនោះ គឺថា បើលោករៀនត្រឹមថ្នាក់ទី៥ លោកអាចបង្រៀនសិស្សថ្នាក់ទី៦ ឬទី៧ បានថែមទៀតផង៖«នៅពេលគាត់ត្រឡប់មកវិញ គាត់ពន្យល់សិស្សថ្នាក់ទី៦-៧ អ៊ីចឹងបាន សូម្បីថ្នាក់ទី៥ ហ្នឹងមកវិញល្ងាចឡើង បង្រៀនសិស្សនៅផ្ទះបាន»។
មិត្តរួមថ្នាក់មួយចំនួន រួមទាំងបងប្អូនជីដូនមួយផង និយាយថា មានមិត្តរួមជំនាន់ជាមួយគ្នានិងលោក កែម ឡី អ្នកខ្លះបានបោះបង់ការសិក្សាស្ទើរគ្រប់គ្នា ដោយឡែកមានតែលោក កែម ឡី និងអ្នកមួយចំនួនទៀត ក្នុងចំណោមសិស្សរួមថ្នាក់ប៉ុណ្ណោះ ដែលបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្ដមសិក្សា។
ក្រោយបញ្ចប់កម្រិតថ្នាក់ឧត្ដមសិក្សាទុតិយភូមិ លោក កែម ឡី បានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផង និងស្នាក់នៅក្នុងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា។បន្ទាប់មកលោកទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ និងនៅម៉ាឡេស៊ី។
លោកបណ្ឌិត កែម ឡី ក៏ធ្លាប់ធ្វើការនៅក្នុងមន្ទីរសុខាភិបាលខេត្តតាកែវ រយៈពេល ២ឆ្នាំដែរ មុននឹងលោកក្លាយជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងវិភាគនយោបាយ។
លោក កែម រិទ្ធិសិទ្ធិ ដែលត្រូវជាប្អូនបង្កើតរបស់លោក កែម ឡី រៀបរាប់ថា អ្វីដែលធ្វើឲ្យរូបលោកចងចាំជាងគេគឺអនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយ៍រាប់ពាន់អត្ថន័យ កាលនៅវ័យកុមារនោះ គឺបងប្រុស និងរូបលោកផ្ទាល់។ ថ្ងៃមួយនៅក្នុងផ្ទះបាយ គ្រឿងម្ហូបខ្វះខាត ដោយទាល់តម្រិះក៏ឆ្នៃម្ហូបដែលរកបាន រហូតអាចទទួលទានបាន។ ទាំងនេះ គឺជាអនុស្សាវរីយ៍ដែលធ្វើឲ្យលោកមិនអាចបំភ្លេចបាន។ ម្យ៉ាងអនុស្សាវរីយ៍នេះ គឺហាក់នៅថ្មីៗនៅឡើយ។
លោកបន្តថា៖ «កាលណាខ្ញុំនិយាយទៅ ខ្ញុំអួលដើមក។ ខ្ញុំនឹកឃើញអនុស្សាវរីយ៍រវាងខ្ញុំ និងលោកបណ្ឌិត កែម ឡី។ គាត់ប្រហែលមានអាយុ ១៤ ទៅ ១៥ឆ្នាំ។ មានថ្ងៃមួយគឺខ្ញុំដើររកកង្កែប មានន័យថា ស្ទូចកង្កែប ដល់ពេលមកផ្ទះវិញ យើងត្រូវឆា ប៉ុន្តែ ២នាក់បងប្អូនយើងអត់មានខ្លាញ់ យើងធ្វើបានហូប»។
សាច់ញាតិឲ្យដឹងថា លោក កែម ឡី ពុំឃើញមានបន្សល់ទុកទ្រព្យសម្បត្តិអ្វីជាដុំកំភួនឡើយ ក្រៅពីដីមួយប្លង់ដែលជាកេរ្តិ៍របស់ម្ដាយចែកឲ្យប៉ុណ្ណោះ។ ក្រៅពីនេះ មានផ្ទះមួយខ្នងដែលធ្វើពីថ្ម។ ប៉ុន្តែផ្ទះនោះត្រូវគេចាក់សោទុកចោល។ លោក កែម រិទ្ធិសិទ្ធិ និយាយថា ផ្ទះមួយខ្នងនេះ គឺលោក កែម ឡី និងគ្រួសារសន្សំលុយសាងសង់ដោយប្រើពេលប្រមាណ ៧ឆ្នាំទើបរួចរាល់។ ផ្ទះនេះមានចម្ងាយប្រមាណ ៣០០ម៉ែត្រ គិតពីរង្វល់មូលព្រះនារាយណ៍ ដែលស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្បែរផ្លូវរថភ្លើង។
សិស្សរួមជំនាន់ជាមួយលោក កែម ឡី និងញាតិជិតខាងនិយាយថា អ្នកវិភាគនយោបាយដោយមិនសំចៃមាត់រូបនេះ គឺមានចរិតនិស្ស័យស្លូតបូត និងមិនសូវនិយាយស្ដីអត់ប្រយោជន៍ឡើយ តាំងពីនៅវ័យកុមារមកម្ល៉េះ។ លោកតែងជួយយកអាសាសិស្សដូចគ្នា ដែលមិនយល់មេរៀន ហើយចំណាយពេលបង្រៀនដោយមិនគិតកម្រៃថែមទៀតផង។
កាលលោកនៅមានជីវិត លោកក៏ធ្លាប់បានដាក់ផែនការសម្រាប់ការវិភាគរបស់លោក គឺត្រូវមានលិខិតឆ្លងដែនមួយ មានទិដ្ឋាការ ឬវីសា (Visa) ៣។ វីសាទី១ បើសិនជាគេមិនសប្បាយចិត្ត គេឲ្យទៅមន្ទីរពេទ្យ ទី២ អាចឲ្យទៅព្រៃស និងវីសាទៅ៣ ទៅវត្តព្រះពុទ្ធ។ លោកថា បើសិនខ្លាចវីសាទាំងបីនេះ ប្រហែលពិបាកនឹងវិភាគផ្ដល់ផលប្រយោជន៍ទៅដល់សង្គម។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី១០ កក្កដា វេលាម៉ោងជិត ៩ព្រឹក នៅម្ដុំស្តារម៉ាត កាល់តិច (Caltex) ស្តុបបូកគោ។ លោកមានកូនសុទ្ធតែប្រុសចំនួន ៥នាក់ រួមទាំងកូននៅក្នុងផ្ទៃម្ដាយដែលទើបតែមានអាយុ ៥ខែផង៕
ប្រភពៈ RFA
No comments:
Post a Comment