អាចនិយយាបានថា គឺជារឿងប្លែកមួយដែរពាក់ព័ន្ធនឹងដំណើរការតែងតាំងមុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក-TVK) ជំនួសតំណែងឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក TVK មានឋានៈស្មើរដ្ឋលេខាធិការ ដែលនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខ ពីព្រោះសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការលើកយោបល់របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលស្នើសុំតែងតាំងលោក ខ្វៃ អាទិត្យា អគ្គនាយករង TVK ឲ្យធ្វើជាអគ្គនាយក TVK នោះ ត្រូវបាន «ជំទាស់» ដោយនាយករដ្ឋមន្ត្រី ហើយលេចចេញមនុស្សថ្មី គឺលោក ឃឹម វុទ្ធី ជាប់ជាអគ្គនាយក TVK តាមសំណើ និងការសម្រេចចិត្តផ្ទាល់របស់នាយករដ្ឋមន្ត្រីវិញ ។
ពិតណាស់ ចំពោះដំណើរការនីតិវិធីនៃការស្នើសុំតែងតាំងមន្ត្រីរាជការស៊ីវិលចាប់ពីថ្នាក់អគ្គនាយកដ្ឋានឡើងទៅ គឺត្រូវតែងតាំងដោយព្រះរាជក្រឹត្យរបស់ស្ថាប័នព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រាកដជាយល់យ៉ាងច្បាស់ពេកទៅហើយ មិនចាំបាច់ថ្នាក់ណាមកប្រាប់រ៉ាយរ៉ាប់ ឬបង្រៀនទៀតទេ លើកលែងតែនាយករដ្ឋមន្ត្រី «ចង់និយាយឲ្យឮ» បន្ថែម ។
ដោយយល់ឃើញថា លោក ខ្វៃ អាទិត្យា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២នៃមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអគ្គនាយករង TVK បច្ចុប្បន្ន ជាមន្ត្រីមានសមត្ថភាព និងបទពិសោធន៍ការងារ ព្រមទាំងមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់នោះ ទើបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើលិខិតសំណើផ្លូវការមួយច្បាប់លេខ០៤០៥ព.ម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧គោរពជូនឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្នើសុំទិដ្ឋាការក្នុងការតែងតាំងលោក ខ្វៃ អាទិត្យា ជាអគ្គនាយក TVK បន្តពីឯកឧត្តម កឹម គុណវឌ្ឍន៍ ដែលត្រូវដល់អាយុចូលនិវត្តន៍ ឲ្យស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីនីតិវិធីនៃការតែងតាំងមន្ត្រីរាជការស៊ីវិល ។
ក្រោយមក សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលើកយោបល់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានខ្លឹមសារថា «គួរឯកភាព» តាមស្មារតីលិខិតលេខ៩៨៩មស.តត ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។ ប៉ុន្តែ ការលើកយោបល់នេះត្រូវបាននាយករដ្ឋមន្ត្រីធ្វើចំណារចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧មានខ្លឹមសារថា «មិនឯកភាព និងសុំយក ឃឹម វុទ្ធី វិញ» ។
យោងតាមចំណាររបៀប «បើកភ្លើងក្រហម» ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧របស់នាយករដ្ឋមន្ត្រីបែបនេះ គឺមានន័យថា លទ្ធផលសម្រាប់លោក ខ្វៃ អាទិត្យា ត្រូវ «សន្លប់ទឹកទី៣» លើសង្វៀនតំណែងអគ្គនាយក TVK (ឈ្នះទឹកទី១ តាមលិខិតសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឈ្នះទឹកទី២ តាមលិខិតលើកយោបល់របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ) បាត់ទៅហើយៗរដ្ឋមន្ត្រីទាំង២នាក់ក៏ «ស្ពឹកមុខ» មិនស្ទើរដែរ ព្រោះ «ភ្នែកមិនមុត មើលមន្ត្រីមិនច្បាស់» ដូចនាយករដ្ឋមន្ត្រី ។
រយៈពេល០១ថ្ងៃ ក្រោយពីធ្វើចំណារនៅលើលិខិតលើកយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈរួចមក គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីក៏បានធ្វើលិខិតលេខ៤៤២លស ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលស្នើសុំប្រោសព្រះរាជទានតែងតាំងលោក ឃឹម វុទ្ធី បច្ចុប្បន្នអគ្គនាយករង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជំនួសឯកឧត្តម កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្តន៍ ។
នៅទីបំផុត ព្រះករុណាព្រះមហាក្សត្រទ្រង់ក៏បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៤៧០ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ឃឹម វុទ្ធី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតែម្តង ។ មានន័យថា លោក ឃឹម វុទ្ធី ទទួលបានលទ្ធផល «ជោគជ័យមហាធំធេង» នៅលើសង្វៀនតំណែងអគ្គនាយក TVK ដោយមិនដឹងខ្លួន ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីក្រសួងព័ត៌មានបានឲ្យដឹងថា នៅថ្ងៃសុក្រទី១៦ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ គឺក្រសួងព័ត៌មានក្រោមអធិបតីភាពរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីនឹងរៀបចំពីធីផ្ទេរ និងប្រគល់តំណែងជូនលោក ឃឹម វុទ្ធី ឲ្យឡើងកាន់តំណែងជាអគ្គនាយក TVK ផ្លូវការហើយ ។
មជ្ឍដ្ឋានអ្នកតាមដានឃ្លាំមើលកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ឋិតក្រោមកណ្តាប់ដៃដែករបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី គឺសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការលើកយោបល់របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលស្នើតែងតាំងលោក ខ្វៃ អាទិត្យា ជាមេ TVK នោះ មិនអាចប្រៀបផ្ទឹមទៅនឹងឥទ្ធិពលរបស់លោក ឃឹម វុទ្ធី បានទេ ពីព្រោះលោក ឃឹម វុទ្ធី ដែលជាពិធីករទូរទស្សន៍ គឺជាកូនធម៌របស់បុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាភរិយាបុរសខ្លាំង និងជាជំនួយការរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីមានឋានៈស្មើអគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្នទៀតផង (តែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៤២អនក្រ.តត ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣) ៕
ប្រភពៈ DTN (
No comments:
Post a Comment