ពាក្យថាស្នេហាមានអត្ថន័យយ៉ាង
ជ្រាលជ្រៅចំពោះមនុស្ស រហូតហ៊ានធ្វើអត្ដឃាតខ្លួនឯង
ឬធ្វើឃាដអ្នកដទៃទៀតផង។ ជាក់ស្ដែងសម្រាប់យុវជន
និងយុវតីសម័យថ្មីនេះ មានការជ្រួលជ្រើម នឹងរឿង ស្នេហាខ្លាំងណាស់
ដោយអ្នកខ្លះក៏យំ អ្នកខ្លះក៏សើចសប្បាយ
ដោយគ្មានខ្វាយខ្វល់ពីរឿងអ្វីផ្សេងទៀតឡើយ។ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងព្រះតេជគុណ គង់ ផែង
សមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ
នឹងធ្វើការបកស្រាយអំពីប្រធានបទស្នេហាក្នុងវ័យសិក្សា
ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាប
និងយល់កាន់តែច្បាស់អំពីប្រធានបទនេះ។
ស្នេហាក្នុងវ័យសិក្សាជាអ្វី?
ស្នេហាក្នុងវ័យសិក្សាគឺសំដៅទៅលើសេចក្ដ្ដីស្រឡាញ់ សេក្ដីស្នេហារបស់ក្មេងៗ ដែលកំពុងតែសិក្សា ដោយមិនផ្ដោតអារម្មណ៍ទៅលើការសិក្សា បែរជាយករឿងស្នេហាយកមកដៅនៅក្នុងខ្លួនទៅវិញ។ បើតាមសៀវភៅវចនានុក្រមសម្ដេ្ដចព្រះសង្ឃរាជ ជួន ណាត បានបែងចែកស្នេហាជា៣សង្កាត់ ទីមួយស្នេហា ទីពីរស្នេហ៍ហឺត និងទី៣ស្នេហ៍ហៃ ហើយពាក្យរបស់វាមានអត្ថន័យខុសៗ គ្នា ៖
1 . ស្នេហា បានសេចក្ដីថាជាការស្រឡាញ់ ការពេញចិត្ដ ការចូលចិត្ដ។ ហើយសម្ដេចសង្ឃរាជ ជួន ណាត បានចងក្រង ជាសុភាសិតថា ហៃមាសស្នេហា ក្រែងបានផ្ដាំថា ឱ្យខ្ញុំចូលមកពុំមែនទេ ឬកែវថ្លៃពន្លកខ្ញុំបានជាមកហើយតើឱ្យទៅណា ក្នុងវចនានុក្រមបានចងជាពាក្យដូច្នេះសំដៅដល់សេចក្ដីស្រឡាញ់ ជាប់ជំពាក់រវាងភេទខុសគ្នា និងដូចគ្នា។
2 . ស្នេហ៍ហឺត ខ្លាំងជាងស្នេហាបន្ដិច ព្រោះមានភាពស្អិតជាងស្នេហាធម្មតា ដោយចងជាសុភាសិតថា ស្នេហាស្នេហ៍ហឺត នាំឱ្យផ្ដាក់ផ្ដើត ភ្លេចការបរទោះនៅក្នុងផ្ទះទោះបីចេញឬចូល គ្មានចិត្ដត្រេកអរចំពោះការងារ។ ស្នេហាគឺសុទ្ធសឹងជាគុណវិបត្ដិដែលលើកឡើងទាក់ទងទៅនឹងស្នេហារបស់ មនុស្សរួមទាំងយុវវ័យផងដែរ។
3 . ស្នេហ៍ហៃ វាជ្រៅជាងស្នេហាបន្ដិចទៀត ស្នេហ៍ហៃគឺជាសេចក្ដីស្រឡាញ់ជ្រុលជ្រួសហួសហេតុ ការពាររារាំង អាចជាការប្រច័ណ្ឌក៏ថាបានដែរ។ ហើយសម្ដេចសង្ឃរាជ ជួន ណាត បានចងជាសុភាពសិតថា ស្នេហាស្នេហ៍ហៃជាតួចង្រៃ បំផ្លាញទ្រព្យព្យាង្គ ងាប់ចិត្ដ ចូលជាក់ធ្លាក់ការសិក្សានាំឱ្យអាត្មាខូចកេរិ៍្ដខូចឈ្មោះ។
មូលហេតុស្នេហាក្នុងវ័យសិក្សា
មូលហេតុដែលបណ្ដាលយុវវ័យឆាប់មានស្នេហាមានកត្ដាជាច្រើនដូចជា ៖
1 . សារពាង្គកាយ ៖ ដោយសារកត្ដាសារពាង្គកាយមានការលូតលាស់លឿនពេក កាលណាមនុស្សមានការលូតលាស់ ហើយវ័យកាន់តែចម្រើនឡើងៗ ដោយមានអារម្មណ៍ថាខុសប្លែកពីមុន(មិនដូចជានៅកុមារទៀតឡើយ) ចាប់ផ្ដើមគិតពីរឿងស្នេហាតែម្ដង។
2 . ការទំនាក់ទំនង ៖ បើការទំនាក់ទំនងនេះជាលក្ខណៈធម្មតាអត់អីទេ ប៉ុន្ដែច្រើនតែទំនាក់ទំនងបែបជាឯកជនច្រើនជាងសាធារណៈ ដូចនេះការទំនាក់ទំនងនាំឱ្យកើតមានស្នេហាបាន ប៉ុន្ដែមិនអាចកាត់ផ្ដាច់បាននោះទេនូវការទំនាក់ទំនង ដោយគ្រាន់តែថា ការទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាងស្រី និងប្រុសគឺជារឿងធម្មតា ប៉ុន្ដែទំនាក់ទំនងនេះអាចក្លាយជាស្នេហាបាន។
3 . តណ្ហា បើតាមធម៌ព្រះសម្មាសាមពុទ្ធសម្ដែងថាមកពីតណ្ហានេះឯងដែលនាំ ឱ្យស្រឡាញ់។ ដោយសារតែមនុស្សចេះសម្គាល់ថាស្អាត ថាល្អ ថាស ថាខ្មៅ ទើបនាំឱ្យកើតមានសេចក្ដីស្នេហានេះបាន។
4 . វប្បធម៌ និងអរិយធម៌បរទេស ៖ ដោយសារតែវប្បធម៌ អរិយធម៌របស់ពួកបរទេសជ្រាបចូលផ្នត់គំនិតរបស់យុវវ័យខ្មែរ ជាពិសេសវាតាមរយៈបច្ចេកវិទ្យាទំនើប ដូចជាអ៊ិនធឺណេត ហ្វេសបុក ទូរទស្សន៍ សម្ភារៈនិយម និងតាមប្រព័ន្ធបច្ចេកវិទ្យា ទំនើបៗជាច្រើនទៀត។
ផលប៉ះពាល់ស្នេហាក្នុងវ័យសិក្សា
ប្រសិនជាយុវវ័យមានស្នេហាវាធ្វើឱ្យមានផលប៉ះពាល់ទៅដល់ផ្នែក ជាច្រើន ដូចជាការងារធ្វើដោយមិនយកចិត្ដទុកដាក់ មិនថាការមិនមានអារម្មណ៍ក្នុងការសិក្សារៀនសូត្រ ខាតថវិការបស់មាតាបិតា ឬអាណាព្យាបាល រហូតអាចនឹងបោះបង់ចោលការ សិក្សាថែមទៀតផង។
ដូចនេះវាធ្វើឱ្យខាតទាំងពេលវេលា និងថវិកាដោយឥតប្រយោជន៍ តែប្រសិនជាឈានទៅដល់ការកើតទុក្ខខ្លាំង អាចមានវិបត្ដិផ្លូវចិត្ដ ដោយសារតែរឿងស្នេហា រហូតធ្វើឱ្យមានការឈឺចុកចាប់ អាចឈានដល់ការលោតទឹក លេបថ្នាំ ចងក សម្លាប់ខ្លួន និងខូចកិត្ដិយស។
បើនារីវិញអាចមានផ្ទៃពោះមុនពេលរៀបការ ត្រូវទៅពន្លូតយកកូនចេញ វាធ្វើឱ្យខូចសុខភាព អាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតក៏អាចថាបាន ប៉ុន្ដែប្រសិនជាហ៊ានទុកកូន វាធ្វើឱ្យខូចកិត្ដិយសនៅក្នុងសង្គមតែម្ដង គេអាចនិយាយ បានថាទុំមុនស្រគាល ព្រោះមិនទាន់បានរៀបការផងមានផ្ទៃពោះទៅហើយ។ បើនិយាយពីមាតាបិតា ឬអាណាព្យាបាល វាធ្វើឱ្យខាតបង់ច្រើន ខាតទាំងលុយកាក់ ខាតទាំងទឹកចិត្ដ បាត់បង់កិត្ដិយស ខូចកេរិ៍្ដឈ្មោះ។
ចំពោះសង្គមវិញ ស្នេហាមិនមែនជាស្នាដៃសម្រាប់ សង្គម ឬជាការស្ថាបនាឱ្យសង្គមទេ បើស្នេហាជាតិអាចនិយាយបាន ប៉ុន្ដែបើស្នេហារវាងមនុស្ស និងមនុស្ស មិនមែនជាស្នាដៃ ឬជាគំរូល្អសម្រាប់សង្គមនោះទេ។ វាជាគំរូមួយអាក្រក់ដែលមនុស្សគ្រប់គ្នាឃើញនរណាម្នាក់មានស្នេហា មានវិបត្ដិស្នេហាតែងតែ ជ្រៀតជ្រែកថាឱ្យអ្នកទាំងនេះ។
ពេលសង្គមជួបមនុស្សបែបនេះ ហាក់បីដូចជាបាត់បង់នូវទំញំងស្នងឫស្សី ធម្មតាក្មេងៗប្រៀបប្រដូច ទៅនឹងទំញំងសម្រាប់ស្នងតំណែងមនុស្សចាស់ៗ តែផ្ទុយទៅវិញក្មេងៗមិនបានធ្វើជាទំញំងទេ ព្រោះទំញំងត្រូវបានស្នេហាកាប់បំផ្លាញ អស់ហើយ។
ដំបូន្មានរបស់ព្រះតេជគុណ
ត្រង់ចំណុចនេះព្រះតេជគុណផ្ដល់ជាយោបល់ដល់ស្រទាប់យុវជនទាំងអស់ ឱ្យបានជ្រាបថា បើតាមព្រះសម្មាសាមពុទ្ធ ព្រះអង្គសម្ដែងថា ពេលដែលសិស្សត្រូវព្យាយាមរៀនសូត្រគឺ ៖
- វ័យក្មេង ឬបឋមវ័យ ជាពេលត្រូវសិក្សារៀនសូត្រ
- មិនមានជម្ងឺ មនុស្សអត់មានជម្ងឺទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ។ បើមានជម្ងឺផ្លូវកាយត្រូវព្យាបាលឱ្យជា បើមានជម្ងឺតាមផ្លូវចិត្ដត្រូវព្យាបាលតាមផ្លូវចិត្ដដែរ។ ប្រសិនជាមានជម្ងឺមិនអាចសិក្សារៀនសូត្របានទេ ព្រោះអារម្មណ៍មិនមូល។
- មានទ្រព្យសម្បត្ដិធូរធារ ពេលដែលមានជីវភាពធូរធារទើបអាចរៀនបានស្រួល មិនខ្វាយខ្វល់រឿងថវិការៀនសូត្រ។
- ព្រមព្រៀងគ្នា មានន័យថាមនុស្សត្រូវចេះរាក់ទាក់គ្នា មើលគ្នាដោយសេចក្ដីស្រឡាញ់។ ហើយសេចក្ដីស្រឡាញ់នេះ មិនមែនមើលគ្នាដោយសេចក្ដីស្នេហាទេ មើលគ្នាដោយការរាប់អាន។
- កាលណាដែលមនុស្សមានការព្រមព្រៀងគ្នាហើយ ពេលមានកំហុសត្រូវចេះសុំទោសអភ័យទោសឱ្យគ្នាទៅវិញទៅមក។
សម្រាប់យុវវ័យដែលកំពុងសិក្សារៀនសូត្រ ត្រូវធ្វើយ៉ាងណាកុំឱ្យមានស្នេហា។ ប្អូនៗទាំងអស់គ្នា គប្បីត្រូវពិចារណាលើ ដំបូន្មានរបស់មាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ ហើយត្រូវសិក្សាឱ្យបានច្រើន ត្រូវរៀនអំពីការអប់រំក្នុងសង្គម ហើយក្នុងសង្គមត្រូវតែចាប់យកតែចំណុចណាដែលល្អបានហើយ។
No comments:
Post a Comment