
ក្នុងបទបង្ហាញកាលពីម្សិលមិញពីការចេញផ្សាយរបាយការណ៍ក្រោម ចំណងជើងថា «អភិវឌ្ឍវិស័យសេវាកម្មឲ្យក្លាយជាចលករកំណើនសម្រាប់អាស៊ី» លោក Peter Brimble អនុប្រធាន ADB ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនរួមមាន កម្ពុជាផងកំពុងទទួលបានការរីកចម្រើនផ្នែកវិស័យសេវាកម្ម តែសន្ទុះនៃកំណើននេះមិនទាន់មានប្រសិទ្ធភាពខ្លាំងក្លា និងមានផលិតភាពទាបនៅឡើយ។
លោកថ្លែងថា៖ «ខណៈដែលផលិតភាពក្នុងការទទួលអត្ថប្រយោជន៍ពីវិស័យសេវាកម្ម [របស់កម្ពុជា] នៅមានកម្រិតតិចតួចជាងប្រទេសដែលមានសេដ្ឋកិច្ច ជឿនលឿន វាពិតជាមានសារៈសំខាន់សម្រាប់យើងក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ»។
បើតាមរបាយការណ៍ ADB វិស័យសេវាកម្មនៅតែជួបប្រទះនឹងការលំបាកដោយសារកង្វះហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍តាមតំបន់ជនបទ ការចំណាយខ្ពស់នៃការប្រើប្រាស់អគ្គិសនី ការចំណាយខ្ពស់លើភ័ស្ដុភារនិងការដឹកជញ្ផូនរួមទាំងបញ្ហាប្រឈម ទាក់ទងនឹងការអនុវត្ដច្បាប់ និងលិខិតបទដ្ឋាននានា។ កង្វះកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពស្ថាប័នក៏នៅតែជាឧបសគ្គផងដែរ។
នៅប្រទេស កម្ពុជា ឧស្សាហកម្មទេសចរណ៍គឺជាសមាសធាតុមួយដ៏សំខាន់នៃកំណើនវិស័យសេវាកម្ម ហើយវាកំពុងទទួលបានកំណើនគួរឲ្យកត់សម្គាល់។ ចំនួនភ្ញៀវទេសចរចូលមកទស្សនាកម្ពុជាមានចំនួនដល់ទៅ ២,១ លាននាក់នៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០១៣ នេះ គឺកើនឡើង ១៩ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះបានទ្រទ្រង់ដល់ការពង្រីកអាជីវកម្ម សណ្ឋាគារ និងភោជនីយដ្ឋានឧស្សាហកម្មលក់ដុំ និងលក់រាយ និងសហគ្រាសផ្ដល់សេវាដឹកជញ្ផូននានាជាច្រើន។ សេវាហិរញ្ញវត្ថុក៏មានការពង្រីកខ្លួន យ៉ាងឆាប់រហ័សផងដែរ។
វិស័យសេវាកម្មទាំងមូលត្រូវគេព្យាករថា មានកំណើន ៧ ភាគរយនៅក្នុងឆ្នាំ ២០១៣ ដែលនឹងរួមចំណែកប្រមាណ ៤០ ភាគរយនៃ GDP កម្ពុជា។ តែអត្រានេះនៅទាបជាងប្រទេសដទៃទៀតនៅក្នុងតំបន់ដែលមានកម្រិត អភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាកំពុងមានការវិវឌ្ឍ ហើយការធ្វើពិពិធកម្មក្នុងឧស្សាហកម្មនេះក៏កំពុងមានសន្ទុះផងដែរ។ លោកថ្លែងថា៖ «គុណភាពគឺជាបញ្ហាប្រឈមមួយ។ យើងកំពុងពង្រឹងគុណភាពតាមរយៈការបង្កើតសាលាបណ្តុះបណ្តាលវីជ្ជាជីវៈ ទេសចរណ៍ដើម្បីធ្វើឲ្យមានគុណភាពស្របតាមស្តង់ដារ»៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment