បាត់ដំបងៈ លោក ទ្រី ណារិន អភិបាលខេត្ត បន្ទាយមានជ័យ
ដ៏វ័យក្មេង បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងជិត ៥ភ្លឺ
ថ្ងៃ ទី១៣ ខែ វិច្ឆិកា នៅតាមផ្លូវជាតិលេខ ៥ ក្នុងភូមិ មោង ឃុំ មោង
ស្រុក មោងឫស្សី ខេត្ត បាត់ដំបង
ខណៈដែលរថយន្តលោកធ្វើដំណើរបានបុកជាមួយនឹងរថយន្តធុនធ្ងន់
បណ្តាលឲ្យខ្ទេចទាំងស្រុង តែសំណាងអ្នកបើកបរដែលគ្រាន់តែរងរបួស។
លោក ជេត វណ្ណី ស្នងការរងនគរបាលខេត្ត បាត់ដំបង បានឲ្យដឹងថា លោក
ទ្រី ណារិន ត្រូវធ្វើដំណើរមក ភ្នំពេញ ប៉ុន្តែ រថយន្តម៉ាក ប្រាដូ
លោកជិះបានប៉ះនឹងរថយន្តធុនធ្ងន់មួយ
ក្នុងពេលមេឃមិនទាន់ភ្លឺច្បាស់ផង
និងដោយសាររថយន្តធំមិនមានភ្លើងសញ្ញាត្រឹមត្រូវ
ធ្វើឲ្យរថយន្តអភិបាលខេត្តបុកពេញទំហឹង។
លោកបន្តថា៖ «តាមជំនាញពិនិត្យឃើញថា ឡានលោក ទ្រី ណារិន
បើកលឿនក៏វាក់អឺជាមួយឡានធំនៅខាងមុខ ដែលមិនដាក់ចំណាំងប្លាត
ក៏ធ្វើឲ្យបុកពេញទំហឹងតែម្តង។ យើងបញ្ជូនគាត់ទៅមន្ទីរពេទ្យ
តែគាត់ក៏ផុតដង្ហើមទៅហើយ»។
សពលោក ទ្រី ណារិន បានបញ្ជូនមកតម្កល់នៅសាលាខេត្ត បន្ទាយមានជ័យ
វិញ នៅព្រឹកម្សិលមិញនេះរង់ចាំក្រុមគ្រួសារមកពីក្រុង ភ្នំពេញ
មកធ្វើបុណ្យតាមប្រពៃណី និងទុកឲ្យមន្ត្រីរាជការក្នុងខេត្ត
និងអ្នកធ្លាប់ស្គាល់លោកចូលគោរពវិញ្ញាណក្ខន្ធ។
នេះបើតាមការឲ្យដឹងពីលោក ចាន់ កុសល ស្នងការរងនគរបាលខេត្ត
បន្ទាយមានជ័យ។
លោកថ្លែងថា៖ «យើងសូមសម្តែងការសោកស្តាយ ចំពោះថ្នាក់ដឹកនាំខេត្តយើង»។
លោក អ៊ុក កែវរតនៈ អ្នកនាំពាក្យសាលាខេត្ត បន្ទាយមានជ័យ ថ្លែងថា
លោក ទ្រី ណារិន
ជាយុវជនមួយរូបដែលរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តដែលមានវ័យ
ក្មេង ក្នុងអាយុ ៣៧ឆ្នាំ ឲ្យមកកាន់តំណែងជាអភិបាលខេត្តនេះ កាលពីខែ
ឧសភា កន្លងទៅ។
លោកថ្លែងថា៖
«មានការងារជាច្រើនដែលលោកបានជួយប្រជាពលរដ្ឋក្នុងខេត្ត
ជាពិសេសយើងដឹងហើយថា ខេត្ត បន្ទាយមានជ័យ
ទើបតែរងគ្រោះដោយទឹកជំនន់ថ្មីៗ លោកតែងតែចុះជួយជានិច្ច»។
លោក ទ្រី ណារិន មកពីកូតាគណបក្សប្រជាជនកម្ពុជា ធ្លាប់ជាចៅសង្កាត់
និរោធ នៅរាជធានី ភ្នំពេញ ក្រោយមកជាអភិបាល ក្រុង ប៉ោយប៉ែត នៅក្នុងខែ
ឧសភា ថ្មីៗនេះ ត្រូវរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលខេត្ត
បន្ទាយមានជ័យ។
លោក ណារិន ជាអភិបាលខេត្តទីពីរហើយ
ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរបន្ទាប់ពីលោក
ខាំ ភឿន អភិបាលខេត្ត ក្រចេះ
ដែលបានគ្រោះថា្នក់រថយន្តនៅចំណុចផ្លូវកោងមួយក្នុងស្រុក ចិត្របុរី
ខេត្ត ក្រចេះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងខែ ឧសភា ឆ្នាំ ២០១២
កន្លងទៅ៕
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
No comments:
Post a Comment