ក្នុងជំនួបពិភាក្សាជាមួយលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នៅទីស្តីការក្រសួងអប់រំ កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៣ លោក Pily Wong អគ្គនាយកក្រុមហ៊ុន Microsoft បានឱ្យដឹងថា លោកមានគោលបំណងសំខាន់មួយគឺ "ស្នើក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន ក្នុងការបកប្រែជាពាក្យ និងប្រយោគនៃភាសាខ្មែរ និងភាសាអង់គ្លេស ឱ្យមានលក្ខណៈត្រឹមត្រូវ សម្រាប់ប្រើជាផ្លូវការក្នុងកម្មវិធី Microsoft Translation Hub នៅប្រទេសកម្ពុជា "។
លោកបានអះអាងថាៈ"ក្នុងយុគសម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះទាមទារនូវ អ្វីដែលថ្មីៗសម្រាប់ប្រើប្រាស់ក្នុងការងារ ក៏ដូចជា ការរៀនសូត្រ។ ដូចនេះ នៅពេលកម្មវិធីនេះ ត្រូវបានបង្កើតឡើងរួចរាល់ហើយនោះ វានឹងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនសម្រាប់ពលរដ្ឋ ក៏ដូចជាសិស្ស និស្សិត ក្នុងការប្រើភាសាទាំងពីរ ឱ្យមានលក្ខណៈត្រឹមត្រូវ និងច្បាស់លាស់ "។
អគ្គនាយកក្រុមហ៊ុន Microsoft រូបនេះ បានឱ្យដឹងបន្ថែមថា កន្លងមក ក្រុមហ៊ុនរបស់លោក បានធ្វើការជាច្រើនជាមួយកម្មវិធី Microsoft Translation Hub ក្នុងគោលបំណងឱ្យការបកប្រែ នៅថ្ងៃខាងមុខ មានលក្ខណៈសុក្រិត ប្រើជាផ្លូវការបាន។ ហេតុនេះ វាចាំបាច់ណាស់ ត្រូវទាមទារការសហការ ក៏ដូចជា ចូលរួមពីក្រសួងពាក់ព័ន្ធ និងរួមទាំងអ្នកជំនាញផង។
ក្នុងឱកាសនោះដែរ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ព្រមទាំងសន្យាថា ក្រសួងនឹងពិនិត្យសហការ នៅថ្ងៃខាងមុខ និងធ្វើយ៉ាងណាជួយជំរុញឱ្យកម្មវិធីមួយនេះ ដំណើរការទៅមុខ សម្រាប់ជាប្រយោជន៍ដល់សិស្ស និស្សិត និងពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រើប្រាស់ក្នុងការបំពេញការងាររបស់ខ្លួន។
សម្រាប់គម្រោងនេះដែរ លោកបានសន្យាថា ក្រសួងនឹងមានការពិភាក្សាគ្នាយ៉ាងលម្អិតបន្តទៀត មុននឹងឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់( MOU) ជាមួយគ្នា នាថ្ងៃខាងមុខ។
លោកបានបន្ថែមថា នាយុគសម័យបច្ចុប្បន្ន បណ្តាសិស្ស និស្សិត ពលរដ្ឋ និងមនុស្សគ្រប់មជ្ឈដាន មិនអាចខ្វះបច្ចេកវិទ្យាបានទេ ដូចនេះ ការចូលរួមរបស់ របស់ក្រុមហ៊ុន Microsoft ក្នុងការបង្កើតគម្រោង Microsoft Translation Hub ដើម្បីបកប្រែភាសាទាំងពីរនេះ ពិតជាតម្រូវការ មិនអាចខ្វះបានឡើយ សម្រាប់ពលរដ្ឋកម្ពុជា៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment