លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅមាន ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនៅខេត្តកោះកុងបានដួលរលំ និងផ្ទះប្រមាណជា២៤៤ខ្នងទៀតរងការខូចខាត ។
លោក កែវ វី បានឲ្យដឹងថា ក្រៅពីខូចខាតផ្ទះប្រជាពលរដ្ឋនោះ ក៏មានផ្លូវចំនួន២កន្លែង និងទូកនេសាទចំនូន២ ទទួលរងការខូចខាតដែរ ដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង នៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង។ បើតាមលោក កែវ វី នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងទៀតរងការខូចខាតដែរ។
លោក កែវ វី បន្ថែមថាដោយឡែកប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំបឹង៥ ៥ស្រុកបវិល ខេត្តបាត់ដំបងវិញ អាជ្ញាធរកំពុងបន្តការជម្លៀស ពួកគេទៅរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈដែលជំនន់ទឹកភ្លៀងកំពុងលិចលង់ផ្ទះរបស់ពួកគេ។ រីឯស្ថានភាពនៅខេត្តកំពតវិញ ជំនន់ទឹកភ្លៀងបានបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ៤៣៨៣ គ្រួសារ ក្នុងចំនួន៤សង្កាត់ ក្នុងក្រុងកំពត និងចំនួន៥ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើដីស្រែចំនួន២២៩១ហិកតារងការខូតខាត និងមាន់ ទា ជាង ៣០ក្បាលងាប់។ ហើយនៅពេលនេះអាជ្ញាធរខេត្តបានប្រើប្រាស់កាណូត ដើម្បីចែក មី ទឹកសុទ្ធ ជាដើម សម្រាប់ប្រជាពលរដ្ឋទាំងនោះ។
នាយខុទ្ទកាល័យរូបនេះ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅខេត្តតាមតំបន់មាត់សមុទ្រនោះ គឺទឹកបានស្រកចុះជាបណ្ដើរៗ ប្រមាណជា៣០ ទៅ៤០សង់ទីម៉ែត្រហើយ។ តែយ៉ាងណាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅតែតាមដានស្ថានភាពនេះបន្ដទៀត ព្រោះថា នៅតំបន់ភ្នំ គឺផ្ទៃមេឃនៅមានសភាពខ្មៅអួរអាប់នៅឡើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ សម្ពាធទឹកអាចស្រកចុះវិញ ដោយសារផុតឥទ្ធិពលខ្យល់នៅក្នុងសមុទ្រចិនភាគខាងត្បូង។ ប៉ុន្តែកម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាបថ្មីមួយទៀត មកលើតំបន់ជាប់ផ្ទៃសមុទ្រ និងតំបន់មួយចំនួននៅទូទាំងប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី២០ ទៅថ្ងៃទី២១ កញ្ញាខាងមុខនេះ។ ឥទ្ធិពលសម្ពាធទាបនឹងបង្កឲ្យមានរលកធំៗ និងមានភ្លៀងធ្លាក់ច្រើន។
លោក ចាន់ យុត្ថា បានបន្តថា ឥទ្ធិពលសម្ពាធទាបថ្មីមួយនេះ ដែលកំពុងតែមានសកម្មភាពនៅក្នុង ប្រទេសបង់ក្លាដេស នឹងបក់កាត់ប្រទេសហ្វីលីពីន មកអាងទន្លេមេគង្គប្រទេសថៃ ហើយវានឹងបង្កឲ្យមានឥទ្ធិពលមកដល់ប្រទេសកម្ពុជាដែរ។
សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ www.HealthCambodia.com
អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥
No comments:
Post a Comment