លោក លឹម សុត្ថារិទ្ធ
ប្រធានការិយាល័យនៃការផ្គត់ផ្គង់សៀវភៅសិក្សាគោលនៃនាយកដ្ឋាន
អភិវឌ្ឍន៍កម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា ប្រាប់
ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា
ក្នុងកំណែទម្រង់លើវិស័យអប់រំ ដែលមានរដ្ឋមន្ត្រីថ្មីផងនោះ
បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយចំនួនដើម្បីបញ្ចៀសនូវការ
រិះគន់ចំពោះការប្រឡងនានាដូចជាថាមានបែកធ្លាយវិញ្ញាសា ឬក៏ចោទថា
សិស្សមិនមែនមកប្រឡងទេ តែជាការមកចម្លង។
លោកថ្លែងថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះយើងប្រឡងឆមាស (ថ្នាក់
ទី១២)
មានចេញវិញ្ញាសាពីក្រសួងតែពេលនេះគេកំពុងរៀបចំកែលម្អការប្រឡង
នេះវិញគឺតម្រូវឲ្យគ្រូប្រចាំថ្នាក់ចេញវិញ្ញាសាប្រឡងឆមាសដោយ
ខ្លួនឯង ហើយឈប់កូពីឯកសារ ត្រូវសរសេរលើក្តារខៀន
ហើយសិស្សប្រើក្រដាសខ្លួនឯងដើម្បីសរសេរចម្លើយ។
ធ្វើដូច្នេះក៏ដើម្បីឲ្យគ្រូទទួលខុសត្រូវលើខ្លួនឯង
បើមានបែកធ្លាយវិញ្ញាសា។ យើងធ្វើដូចយើងប្រឡងតាំងពីឆ្នាំ ៨០
ជាងអ៊ីចឹង»។
លោកបន្តថា៖ «បើធ្វើបាន
ខ្ញុំជឿថានឹងអាចកាត់បន្ថយបាតុភាពថតចម្លងបង្ហោះលើហ្វេសប៊ុក
បញ្ជូនចេញឲ្យអ្នកក្រៅជួយធ្វើឲ្យ
ហើយជួយទប់ស្កាត់ភាពមិនប្រក្រតីនានាខ្លះទៀត។ ខ្ញុំគិតថា
វាអាចខាតពេលបន្តិចមែន ពេលសរសេរលើក្តារខៀន
តែអាចនឹងទប់ស្កាត់បានច្រើន»។ មន្ត្រីអប់រំរូបនេះបន្តថា
ទោះយ៉ាងណាក្រសួងមិនទាន់យកជាផ្លូវការនៅឡើយទេ
ប៉ុន្តែក្រសួងនឹងចេញនូវសេចក្តីសម្រេចណាមួយចេញផ្សាយជាសាធារណៈពី
គម្រោងខាងលើនាពេលខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិង កីឡា លោក ហង់ ជួនណារ៉ុន
មានប្រសាសន៍យ៉ាងខ្លីថា
លោកត្រូវការពេលវេលាដើម្បីពិភាក្សាពីបញ្ហាចេញវិញ្ញាសាប្រឡងនេះ
និងមិនអាចផ្តល់ការអធិប្បាយច្រើនទេ។
នៅពេលសួរទាក់ទងនឹងការប្តូរវិធីសាស្ត្រនៃការប្រឡងពីការចែក
វិញ្ញាសាដែលថតចម្លងរួចមកជាការសរសេរវិញ្ញាសាលើក្តារខៀនវិញ
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «យើងមិនទាន់ថានឹងចេញយ៉ាងម៉េចទេ
ព្រោះកំពុងពិភាក្សា ប៉ុន្តែ
យើងនឹងត្រូវតែមានកំណែទម្រង់លើរឿងហ្នឹង»។
លោក សន ជ័យ
អ្នកសម្របសម្រួលសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក
បានថ្លែងថា លោកសូមសាទរចំពោះគម្រោងនេះ
តែស្នើឲ្យក្រសួងគិតគូរពីផលប៉ះពាល់នៃការអនុវត្តកិច្ចការទាំង
អស់នេះជាមុនសិន
ព្រោះអាចមានការលំបាកដល់ការសរសេរវិញ្ញាសានៅលើក្តារខៀន
សម្រាប់វិញ្ញាសាមួយចំនួន។
លោកនិយាយដែរថា យើងចង់បានការកែទម្រង់អប់រំ
លើការលែងចេញវិញ្ញាសាជំនួសដោយការសរសេរសម្រាប់ប្រឡងថ្នាក់ជាតិគឺ
មានទិដ្ឋភាពពីរ គឺ ទី១
អាចរួមចំណែកបំបាត់អំពើពុករលួយលើការធ្លាយវិញ្ញាសា
ព្រោះសិស្សពូកែអាចបាក់ទឹកចិត្ត
រីឯសិស្សខ្សោយមានឱកាសចាំតែចម្លង ហើយ ទី២
អាចប៉ះពាល់ដល់ម៉ោងប្រឡងផង។
លោកបញ្ជាក់ទៀតដែរថា៖ «ដូច្នេះក្រសួង អប់រំ
គួរតែធ្វើការពិភាក្សាឬធ្វើតេស្តជាមុនសិនជាមួយគ្រូនិងសិស្ស
ដែលជាអ្នកទទួលផលលើបញ្ហានេះ។ ជាឧទាហរណ៍ៈ
បើមុខវិជ្ជាវិទ្យាសាស្ត្រសង្គមសរសេរលើក្តារខៀន មិនបញ្ហាអីទេ
តែបើវិទ្យាសាស្ត្រពិត អាចប្រើពេលវែង
ឬគ្រូខ្លះគាត់គ្មានជំនាញអាចសរសេរខុសដូចជាមុខវិជ្ជាគណិតវិទ្យា
ជីវវិទ្យា គីមីវិទ្យាជាដើម»។
វិស័យ អប់រំ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវគេមើលឃើញថា
នៅមានគុណភាពទាបនៅឡើយ។ អំពើពុករលួយក្នុងពេលប្រឡង
ការលក់សំណៅវិញ្ញាសា ការបែកធ្លាយវិញ្ញាសាមុនការប្រឡង
សុទ្ធតែជាកត្តាបង្ហាញពីភាពកម្សោយនៅក្នុងវិស័យ អប់រំ
ដែលទាមទារឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួង អប់រំ
ផ្ទាល់ត្រូវធ្វើការកែទម្រង់ឲ្យបានខ្លាំងក្លាដើម្បីស្តារមុខមាត់
និងប្រជាប្រិយរបស់ខ្លួនឡើងវិញ។
កាលពីសប្តាហ៍មុនអង្គការពីរ មានអង្គការ
សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក
និងវិទ្យាស្ថានខ្មែរ សម្រាប់អភិវឌ្ឍន៍ជាតិ
បានចេញរបាយការណ៍មួយបង្ហាញពីចំណុចខ្សោយនៃវិស័យអប់រំទាក់ទងនឹង
ការគ្មានអភិបាលកិច្ច ទៅលើការគ្រប់គ្រងសៀវភៅសិក្សាគោល ដែលជាជំនួយ
លើការបោះពុម្ព និងចែកចាយ ដែលផ្តល់ដោយធនាគារអភិវឌ្ឍន៍ អាស៊ី
មានទឹកប្រាក់ជាង ១,៣
លានដុល្លារដែលត្រូវចែកដល់សាលារៀនទូទាំងប្រទេស
គឺចែកមិនដល់ដៃសាលារៀន
តែត្រូវការិយាល័យអប់រំស្រុកកិបទុកលក់នៅតាមទីផ្សារខ្លះទៅវិញ៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment