(ភ្នំពេញ)៖ លោក អ៉ិត សំហង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកម្មន្តសាល និងវិស័យនានាដែលមានលក្ខណៈប្រហាក់ប្រហែល បន្ទាប់ពីការកំណត់ប្រាក់ឈ្នួលអប្បបរមា លើវិស័យវាយនភណ្ឌ (កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង) ខណៈសេចក្ដីព្រាងច្បាប់ស្ដីពី ប្រាក់ឈ្នួលអប្បបរមានេះ កំពុងបើកកិច្ចពិគ្រោះយោបល់រវាងភាគីរាជរដ្ឋាភិបាល អង្គការសហជីព សមាគមនិយោជក និងភាគីពាក់ព័ន្ធដទៃទៀត។
លោកបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
លោកថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមារបស់យើងមានវិសាលភាពតាមផ្លូវការ ត្រឹមតែវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយក្រៅពីនេះ ខ្ញុំចង់បញ្ជាក់ជូនថា វិស័យកម្មន្តសាល និងផ្នែកមានលក្ខណៈប្រហាក់ប្រហែលដទៃទៀត ក៏អាចនឹងអនុវត្តនូវការកំណត់បទដ្ឋានប្រាក់ឈ្នួលអប្បបរមានេះបានដែរ»។
លោកគូសបញ្ជាក់ថា «សូមកុំយល់ច្រឡំថា នៅពេលច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានេះ បើកទូលាយដល់វិស័យផ្សេងទៀត ជាការបញ្ចុះចំនួនប្រាក់ឈ្នួលរបស់បុគ្គលិក បម្រើការងារឲ្យសោះ ពោលមិនមែនជាការទម្លាក់ប្រាក់ឈ្នួលឲ្យតិចជាងចំនួនធម្មតានោះទេ តែវាជាការកំណត់ចំនួនប្រាក់ឈ្នួលដែលទាបបំផុតមួយ និយោជកណាឲ្យប្រាក់ខែស្មើ ឬលើសពីកម្រិតអប្បបរមានេះ ទើបត្រឹមត្រូវ តែបើនិយោជកណាឲ្យប្រាក់ឈ្នួលទាបជាងកម្រិតអប្បបរមាដែលច្បាប់បានកំណត់នេះ គឺត្រូវទទួលការផាកពិន័យជាមិនខាន»។
លោកបន្តថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយាយដោយទ្បែក និងដល់ប្រទេសជាតិទាំងមូល និយាយជារួម ពីព្រោះសេចក្តីច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៧-២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងបានចំនួន ១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ បើបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ ១៨១ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧៕
ប្រភពៈ Fresh News
No comments:
Post a Comment