ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៧:១៦

ការគណនាឆ្នាំមមែ ឥឡូវនេះសង្ក្រានចូលមកនៅថ្ងៃអង្គារ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ២០១៥ វេលាម៉ោង១៤និង០២នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាមរាគ្យសៈទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតផ្កាឈូក អភរណៈទ្រង់ពាក់កែវ មនោរា ភក្សាហារទ្រង់សោយលោហិត ព្រះហស្ថ ស្តាំទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ ទ្រង់គង់លើខ្នងអស្សភរ (សេះ) ជាពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលីនា ទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរ ចំនួួន៦០នាទី (២៤ម៉ោង) ។ ទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គល ឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរី សួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។