ជាមោទនភាព ដ៏ឧត្តុងឧត្តមបំផុត សម្រាប់គណៈគ្រប់គ្រង សាស្រ្តាចារ្យ
បុគ្គលិក និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សទាំងអស់ដោយ នៅថ្ងៃទី ០៩ ខែ
សីហា ឆ្នាំ ២០១៣ គណៈ កម្មាធិការទទួលស្គាល់ គុណភាព អប់រំនៃកម្ពុជា (Accreditation Committee of Cambodia (ACC)) បានផ្តល់វិញ្ញាបនបត្រទទួល ស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូលកម្រិត ១ក (Institutional Accreditation at Provisional) ជូនដល់សាកលវិទ្យាល័យធនធានមនុស្ស ក្រោយពេលដែលគណៈប្រតិភូរបស់ ACC ចំនួន ០៩រូប
បានចុះមកវាយតម្លៃ គុណភាព សាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី ០៦-១៥ ខែ
សីហា ឆ្នាំ ២០១២ កន្លងមក ។
វិញ្ញាបនបត្រនេះ ជាវិញ្ញាបនបត្រកម្រិតចំណាត់ថ្នាក់ប្រសើរជាងគេ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងជាលទ្ធផលប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត សម្រាប់សាកលវិទ្យាល័យធនធានមនុស្ស ផងដែរដែលលទ្ធផលនេះ បញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស ពិតជា ឈរលើបន្ទាត់គុណភាពធានាពីតម្លៃនៃការបណ្តុះបណ្តាល និងការជឿជាក់របស់និស្សិតយ៉ាងពិតប្រាកដ។
- ជំហានទី១-វិញ្ញាបនបត្រថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន
- ជំហានទី២-វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំបេក្ខភាពលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូល
- ជំហានទី៣-វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្ន លើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល
- និងជំហានទី៤-ដែលខ្ពស់ជាងគេគឺវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ លើគ្រឹះស្ថានឧត្តម សិក្សាទាំងមូល។
អស់រយៈកាលជិតមួយទស្សវត្សកន្លងមកនេះ ACC បានវាយតម្លៃគុណភាព និងចេញ វិញ្ញាបនបត្រដល់សាកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា បានត្រឹមតែកម្រិតទី១ ប៉ុណ្ណោះ គឺកម្រិតវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១នៃបរិញ្ញាបត្រ) ប៉ុន្តែដោយឡែកចាប់ពី ខែ សីហា ឆ្នាំ ២០១២ កន្លងមក ACC បានចាប់ផ្តើមវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា ប្រហែលជា ៥សាកលវិទ្យាល័យ ដំបូងគេនៅកម្ពុជា លើវិញ្ញាបនបត្រជំហានទី២ និងជំហាន ទី៣ ខាងលើ (វាយតម្លៃគ្រឹះស្ថានទាំងមូលគ្រប់ឆ្នាំសិក្សា និងគ្រប់កម្រិតសិក្សា) តាមការស្នើសុំ និងការរៀបចំ លក្ខណៈសម្បត្តិរួចរាល់ របស់សាកលវិទ្យាល័យសាមី ។ ជាលទ្ធផលដ៏រីករាយបំផុតនោះ គឺសាកលវិទ្យាល័យធនធានមនុស្ស ទទួលបានវិញ្ញាបនបត្រជំហានទី៣ ( វិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំ បណ្តោះអាសន្នលើគ្រឹះស្ថានឧត្តមសិក្សា )។
ការទទួលបាននូវការទទួលស្គាល់គុណភាពដ៏មានសក្តានុពលនេះ គឺដោយសារតែ សាកលវិទ្យាល័យ ធនធានមនុស្ស បានបំពេញនូវលក្ខខណ្ឌទាំងអស់នៃលក្ខណៈសម្បត្តិក្នុង សូចនាកររាប់រយ នៃស្តង់ដារសរុបទាំង ០៩ ដែលកំណត់ដោយ ACC រួមមាន ៖
ស្តង់ដារទី០១ ៖ បេសកកម្ម
ស្តង់ដារទី០២ ៖ រចនាសម្ព័ន្ធគ្រប់គ្រង ការគ្រប់គ្រង និង គម្រោងផែនការ
ស្តង់ដារទី០៣ ៖ កម្មវិធីសិក្សា
ស្តង់ដារទី០៤ ៖ បុគ្គលិកសិក្សា (សាស្រ្តាចារ្យ)
ស្តង់ដារទី០៥ ៖ និស្សិត និងសេវានិស្សិត
ស្តង់ដារទី០៦ ៖ សេវាសិក្សា
ស្តង់ដារទី០៧ ៖ ទីតាំងសម្ភាររូបវ័ន្ត
ស្តង់ដារទី០៨ ៖ គម្រោងផែនការ និងការគ្រប់គ្រងថវិកា
ស្តង់ដារទី០៩ ៖ ការផ្សព្វផ្សាយ
សូមបញ្ជាក់ថា ក្រៅពីលទ្ធផលនៃការវាយតម្លៃនេះ សាកលវិទ្យាល័យធនធានមនុស្ស ជាសាកល វិទ្យាល័យ ដែលមានមូលដ្ឋានសក្តានុពលជាច្រើនទៀតដូចជា ៖
- មានផែនការយុទ្ធសាស្រ្តច្បាស់លាស់រួមមាន៖ ចក្ខុវិស័យ បេសកកម្ម គោលដៅ ទិសដៅ និង សកម្មភាព សុទ្ធតែឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងធានាថា និស្សិតដែលបានបញ្ចប់ការសិក្សា ពិតជាទទួលបាននូវជំនាញពិតប្រាកដ (Soft skill និងHard skill ) និងទទួលបានទីផ្សារការងារ ទីផ្សារមុខរបរខ្ពស់ ។
- មានដៃគូអន្តរជាតិចំនួនសាកលវិទ្យាល័យ១២៨ល្បីៗលើពិភពលោក។
- កំពុងសាងសង់អគារសាកលវិទ្យាល័យថ្មីមួយទៀត ដែលមានវិសាលភាពបណ្តុះបណ្តាល និស្សិតចំនួន ២ម៉ឺននាក់ បំពាក់ដោយជណ្តើរយន្ត សម្ភារឧបទ្ទេសទំនើបៗគ្រប់គ្រាន់ សម្រាប់ការរៀន ការបង្រៀន និងការស្រាវជ្រាវ។
- កម្មវិធីបណ្តុះបណ្តាលជាប្រព័ន្ធក្រេឌីត ដោយមានការទទួលស្គាល់ជាអន្តរជាតិពីសាកល វិទ្យាល័យដៃគូ ដោយមានការពិពណ៌នាអំពីខ្លឹមសារមេរៀន គោលបំណងមេរៀន លទ្ធផល រំពឹងទុក វិធីសាស្រ្តរៀន និងបង្រៀនការចុះកម្មសិក្សា ការស្រាវជ្រាវដែលបង្កលក្ខណៈឲ្យ និស្សិតសិក្សាងាយយល់ និងឆាប់ចេះ ហើយបានបញ្ជូលកម្មវិធីកុំព្យូទ័ររដ្ឋបាល កម្មវិធី កុំព្យូទ័រតាមជំនាញឯកទេសនិមួយៗ ព្រមទាំងមានបន្ទប់សម្រាប់និស្សិត អនុវត្តជាក់ស្តែង (Lab) លើជំនាញឯកទេសនានា និងមានសេវា Internet ឲ្យនិស្សិតស្រាវជ្រាវដោយសេរី។
- មានសាស្រ្តាចារ្យ បណ្ឌិត និងអនុបណ្ឌិត ដែលមានបទពិសោធន៍ខាងការងារបង្រៀន ការ ស្រាវជ្រាវ ច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែងទាក់ទងនឹងឯកទេស/មុខជំនាញ/មុខវិជ្ជា ដែលខ្លួនបង្រៀន ជាសាស្រ្តាចារ្យ មានក្រមសីលធម៌ល្អ និងគោរពបានត្រឹមត្រូវតាមគោល នយោបាយ និងបទបញ្ជាផ្ទៃក្នុង របស់សាកលវិទ្យាល័យ ។
- មានមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានសមត្ថភាពស្រាវជ្រាវលើគម្រោងគ្រប់ប្រភេទ។
- និស្សិតមានឱកាសការងារ និងទីផ្សារមុខរបរខ្ពស់ ។
ប្រភពៈ ដើមអម្ពិល
No comments:
Post a Comment