រាជធានីភ្នំពេញ ៖
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ
បានធ្វើការបង្ក្រាបអំពើលក់មនុស្សនាំឆ្លងដែនក្នុងគំនិតកេង
ប្រវ័ញ្ច ។
លោកឧត្ដមសេនីយ៍ត្រី ព្រំ សន្ធរ
ស្នងការរងនគរបាលរាជធានីភ្នំពេញ
ទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀន
និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានបង្ហាញខ្លួនក្រុមជន
សង្ស័យដែលត្រូវបានឃាត់ខ្លួននេះកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា
នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
លោក កែវ ធា
នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ បានឱ្យដឹងថា
នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ វិច្ឆិកា
ដោយមានបញ្ជាពីលោក មាស ច័ន្ទពិសិដ្ឋ
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី
ការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនខេត្ដបន្ទាយមានជ័យ
ធ្វើការបង្ក្រាបជាក់ស្ដែងករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន
គឺការទិញទារកយកទៅធ្វើជាឧបករណ៍ដើរសុំទាននៅប្រទេសម៉ាឡេស៊ី
និងអូសទាញមនុស្សនាំឆ្លងដែនយកទៅសុំទាននៅប្រទេសម៉ាឡេស៊ីដែលជា
ការកេងប្រវ័ញ្ចខុសច្បាប់
ដោយប៉ុនប៉ងឆ្លងតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត កាត់តាមប្រទេសថៃ
។
លោកបានថ្លែងឱ្យដឹងទៀតថា
ជាលទ្ធផលក្រុមប្រតិបត្ដិការបានឃាត់ខ្លួនជនសង្ស័យ២នាក់គឺឈ្មោះ
សំ ណា ភេទស្រី អាយុ ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាខ្មៅ
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល និងម្នាក់ទៀតឈ្មោះ ហេង
ឆុន ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិមុខរា២ ឃុំព្រៃត្រឡាច
ស្រុករុក្ខគិរី ខេត្ដបាត់ដំបង ។
ជាមួយនឹងការឃាត់ខ្លួនជនទាំង២នាក់នេះ
សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ៤នាក់
ក្នុងនោះមានទារិកាម្នាក់ផងនាំយកមកកាន់ការិយាល័យដើម្បីសាកសួរ
និងស្រាវជ្រាវគឺ
១-ឈ្មោះ ឆុន ស្រីភា ភេទស្រី អាយុ ២០ឆ្នាំ
ស្នាក់នៅភូមិមុខរា២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី
ខេត្ដបាត់ដំបង ។ ២-ឈ្មោះ ឡុង ស្រុឺ ហៅថែម នឿ ភេទប្រុស អាយុ
៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្ពានយោល ឃុំជ្រៃសីមា
ស្រុកសំពៅលូន ខេត្ដបាត់ដំបង ជាជាងកាត់សក់ ។ ៣-ឈ្មោះ សល់ ថន
ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ពង្រ ឃុំព្រៃស្វាយ
ស្រុកមោងឫស្សី ខេត្ដបាត់ដំបង និង៤-ទារិកាឈ្មោះ ឆុន សុខចាន់
អាយុ ៧ខែ ។
ចំពោះជនសង្ស័យទាំង២នាក់
ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
ចំណែកទារកអាយុ៧ខែប្រគល់ឱ្យមន្ទីរសង្គមកិច្ចដើម្បីថែរក្សានៅ
មណ្ឌលសុវត្ថិភាព ។ រីឯ៣នាក់ទៀតដែលចាញ់បោក
និងជាជនរងគ្រោះត្រូវបានអប់រំឱ្យត្រឡប់ទៅលំនៅឋានវិញ ។
លោកស្នងការរងទទួលបន្ទុកការិយាល័យជំនាញបានបញ្ជាក់បន្ថែមទៀតថា
អំពើនាំទារិកា និងមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ី
នេះមេខ្យល់គឺឈ្មោះ ហេង ឆុន ។
ជនសង្ស័យឈ្មោះ ហេង ឆុន
ធ្លាប់បាននាំមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ីចំនួន២លើករួចមក
ហើយចាប់ពីខែកក្កដាមក
ក្នុងនោះក៏មានកូនរបស់ខ្លួនម្នាក់ដែរដែលកំពុងនៅសុំទានគេ
រាល់ថ្ងៃនៅទីនោះ ។ លើកនេះឈ្មោះ ហេង ឆុន
បាននាំកូនខ្លួនម្នាក់ និងទិញទារិកាម្នាក់ក្នុងតម្លៃ៤០០ដុល្លារ
ដែលតាមប្រភពថាជាកូនអ្នករើសអេតចាយនៅម្ដុំរោងចក្រតាមបណ្ដោយ
ផ្លូវចោមចៅ បម្រុងនាំចេញទៅសុំទានទៀត
ប៉ុន្ដែត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេល
ហើយពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ដាយទារិកានេះ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment