លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឲ្យដឹងថា នៅកម្ពុជាមានអ្នកប្រើប្រាស់កាតឥណទានចំនួន ១៨ ០០០ នាក់ គិតត្រឹមដំណាច់ឆ្នាំ ២០១២។
លោកសន្និដ្ឋានថា ចំនួននឹងកើនដល់ ២ ម៉ឺននាក់នៅចុងឆ្នាំ ២០១៣។ លោកសង្ឃឹមថា ធនាគារ អេស៊ីលីដា នឹងទទួលបានអតិថិជនដែលប្រើកាតឥណទាន ៧០០ នាក់ដល់ចុងឆ្នាំនេះ។ ធនាគារ អេស៊ីលីដា បានចាប់ផ្តើមដំណើរកាតឥណទានកាលពីចុងសប្តាហ៍មុន។
លោក អ៊ីន ចាន់នី ថ្លែងថា៖ «ពេលនេះជាពេលល្អសម្រាប់យើងចេញប័ណ្ណឥណទានវីសា។ នៅឆ្នាំ ២០២០ កម្ពុជានឹងលែងជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្លាយជាប្រទេសមានចំណូលមធ្យម»។
លោករំពឹងទុកថា តម្រូវការប័ណ្ណឥណទាននឹងមានការកើនឡើងក្នុងរង្វង់ ១០ឆ្នាំ ទៅមុខទៀតនេះ ហើយផលិតផល [ប័ណ្ណឥណ្ឌទាន] របស់ អេស៊ីលីដា និងទៅដល់អ្នកប្រើប្រាស់បានប្រសើរជាងផលិតផល ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមថា៖ «យើងអាចទៅបានសម្រាប់អ្នកមានប្រភពចំណូលត្រឹម ២០០ ដុល្លារ។»
លោក Grant Knuckey អគ្គនាយកធនាគារ ANZ ក៏បាននិយាយថា ទីផ្សារកាតឥណទាននៅតូចនៅឡើយ បើមើលតាមចំនួនអ្នកប្រើប្រាស់នៅកម្ពុជាសព្វថ្ងៃ។ លោកបន្តថា៖ «សក្តានុពលកាតឥណទានមានខ្ពស់សម្រាប់ទីផ្សារនេះ។ បើមើលតាមចរន្តទីផ្សារសព្វថ្ងៃ មានការកើនឡើងចំនួនទ្រព្យសម្បត្តិ និងការកើនឡើងនៃការទិញទំនិញរបស់អតិថិជន ដែលជាភ័ស្តុតាង»។ លោក Grant អះអាងថា ធនាគារ ANZ មានអ្នកប្រើប្រាស់កាតឥណទានសរុប ២៥ ភាគរយ។
លោក Grant Knuckey មានប្រសាសន៍ថា៖ «អាជីវកម្មផ្នែកកាតឥណទានរបស់យើងផ្តោតសំខាន់ លើអតិថិជនលក់រាយ។ យើងមិនបានផ្តោតលើអតិថិជនដែលមិនមានទំនាក់ទំនងជាមួយ ANZ សម្រាប់ផលិតផលផ្សេងទៀតទេ»។
លោកស្រី LorijonBacchi ប្រធានក្រុមហ៊ុន Visa ប្រចាំប្រទេស វៀតណាម កម្ពុជា និង ឡាវ បាននិយាយថា ចំនួនកាន់តែច្រើននៃកាតឥណទានអាចជំរុញការផ្ទេរប្រាក់ ប្រកបដោយប្រសិទ្ធភាព។
លោកស្រីបានបន្តថា៖ «ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាកើនឡើង ក្រុមហ៊ុន Visa មានឆន្ទៈធ្វើការជាមួយធនាគារក្នុងស្រុកជាដៃគូ ក្នុងការជួយឲ្យអ្នកប្រើប្រាស់កាតឥណទានយល់ពីការដំណើរការនៃកាត ឥណទានដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ ក្នុងការគ្រប់គ្រងថវិការបស់ពួកគេ»។
អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី មានប្រសាសន៍ថា ជាមួយនឹងទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងវិស័យធនាគាររវាងអ្នក លក់ និងអ្នកទិញ បានធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើន៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment