លោក កែវ វី នាយកខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅមាន ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនៅខេត្តកោះកុងបានដួលរលំ និងផ្ទះប្រមាណជា២៤៤ខ្នងទៀតរងការខូចខាត ។

លោក កែវ វី បន្ថែមថាដោយឡែកប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំបឹង៥ ៥ស្រុកបវិល ខេត្តបាត់ដំបងវិញ អាជ្ញាធរកំពុងបន្តការជម្លៀស ពួកគេទៅរកទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈដែលជំនន់ទឹកភ្លៀងកំពុងលិចលង់ផ្ទះរបស់ពួកគេ។ រីឯស្ថានភាពនៅខេត្តកំពតវិញ ជំនន់ទឹកភ្លៀងបានបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ៤៣៨៣ គ្រួសារ ក្នុងចំនួន៤សង្កាត់ ក្នុងក្រុងកំពត និងចំនួន៥ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលធ្វើដីស្រែចំនួន២២៩១ហិកតារងការខូតខាត និងមាន់ ទា ជាង ៣០ក្បាលងាប់។ ហើយនៅពេលនេះអាជ្ញាធរខេត្តបានប្រើប្រាស់កាណូត ដើម្បីចែក មី ទឹកសុទ្ធ ជាដើម សម្រាប់ប្រជាពលរដ្ឋទាំងនោះ។