ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា
ចាប់ពីឆ្នាំ ២០១៤ ទៅក្រសួងព័ត៌មាន នឹងធ្វើការកែ
ទម្រង់នៃការផ្សាយព័ត៌មានរបស់វិទ្យុ និង ទូរទស្សន៍ជាតិកម្ពុជា
ដោយធ្វើការផ្លាស់ប្តូរ កម្មវិធីមួយចំនួន។
យោងតាមគេហទំព័រ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា ចុះផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ នេះបានបង្ហាញថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីព័ត៌មាន និងពិធីករ ពិធី ការិនី នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី ១៣ ខែធ្នូនៅ ទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាគឺតម្រូវឲ្យមានផ្សាយព័ត៌មាន ក្នុងរយៈពេល ៣ ម៉ោងម្តង ពីព្រោះយើងមិនអាចរង់ចាំដល់ម៉ោង១២ថ្ងៃត្រង់ហើយយកព័ត៌មានដែលផ្សាយ រួចហើយពីយប់មកធ្វើការចាក់ផ្សាយឡើងវិញម្តងទៀតនោះទេ ពីព្រោះការ ផ្សាយព័ត៌មាននៅម៉ោង ៧ យប់ ហើយដល់ម៉ោង ១២ ថ្ងៃត្រង់ទើបផ្សាយម្តងទៀតគឺមានរយៈ ពេលយូរណាស់ ដូច្នេះក្នុងចន្លោះពេលនេះគឺមានរឿងច្រើនណាស់ ដែលគេចង់ដឹងដូច្នេះទាំងវិទ្យុនិងទូរទស្សន៍គឺមិនអាចធ្វើដំណើររបៀប មុនបានទៀតទេ ដោយសារសម័យនេះ ការផ្តល់ព័ត៌មាន រហ័សគឺជាសំណូមពររបស់សាធារណជន ។
លោករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកការផ្សាយព័ត៌មាន ជាពិសេសទូរទស្សន៍ជាតិ កម្ពុជាតែងតែមានសម្ពាធពីខាងក្រៅ ដោយទាមទារឲ្យមានការថតច្រើន និងផ្សាយព័ត៌មាន ដែលមាន លក្ខណៈជាពិធីការច្រើនធ្វើឲ្យយើងខាតបង់ពេលវេលា និងអ្នកទស្សនាមានការធុញទ្រាន់។ លោក រដ្ឋមន្ត្រី បានបន្តថា ព័ត៌មានដែលសំខាន់ គឺយើងត្រូវចេះជ្រើសរើសយកនូវខ្លឹមសារ សំខាន់ៗ និងចំណុចណាដែលត្រូវនឹងការលើកឡើងនៅក្នុងពេលនោះ យកមកនិយាយ ពីព្រោះអ្នកស្តាប់ និងអ្នកទស្សនា គឺគេចង់ដឹងថា ព័ត៌មាននេះគេនិយាយពីរឿងអ្វីខ្លះ? ទាក់ទងទៅនឹងអ្វីខ្លះ? ដូច្នេះ ត្រូវយកចំណុចសំខាន់ត្រង់ណាដែលគេចង់ដឹង។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ពិធីករ ពិធីការិនី និងអ្នកសរសេរព័ត៌មានទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ពាក្យ និងការអានពាក្យមុននឹងអាន និងថតផ្សព្វផ្សាយជា ព័ត៌មាននោះ៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment