ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដែលកំពុងឈរមើល ការរុះរើសំណង់ការដ្ឋាន ក្រុមហ៊ុន NAGA World នោះ បាននិយាយថា ក្រុមជាង និងកម្មករ នៃការដ្ឋានក្រុមហ៊ុន NAGA World បានចាប់ផ្តើមរុះរើ តាំងពីព្រឹកព្រលឹមថ្ងៃនេះ ប៉ុន្តែការរុះរើនោះ ហាក់បីដូចជាធ្វើការលំៗ មិនស្វាហាប់សោះ ពោលគឺក្រុមកម្មករ បានយកញញួរតូចៗ មកវាយកម្ទេចជញ្ជាំងបេតុង ពីខាងមុខពុទ្ធសាសនបណ្ឌិត្យ។ ពលរដ្ឋរូបនោះ បានបន្តថា កម្មករ បានវាយជញ្ជាំង ធ្វើរបៀបដូចជាស៊ីម៉ោងអីចឹង វាយជញ្ជាំងដូចខ្លាចជញ្ជាំងឈឺ ហើយជញ្ជាំងថ្មនោះ បានរបេះម្តងបន្តិចៗ ជាដុំតូចៗ ពុំមែនបែកធ្លាក់ទាំងផ្ទាំងៗនោះទេ។
ប្រភពបានបន្តទៀតថា ក្រុមហ៊ុន NAGA World ប៉ុនណាណី សូម្បីតែម៉ាស៊ីនបុកបេតុង ក៏គ្មានឬ? បានជាយកញញួរតូចៗ ហើយប្រើកម្មករ មកវាយជញ្ជាំងថ្មទៅវិញ ចុះម៉េចមិនយកម៉ាស៊ីន មកបុកបំបែកជញ្ជាំងតែម្តងទៅ។ ចំណែកឯដំបូលដែក ក៏ត្រូវបានកម្មករ ដោះទម្លាក់ចុះមកដី ជាបណ្តើរៗផងដែរ។
ប្រភពបានបន្តថា កាលពីដំបូង ការដ្ឋាននេះ ហាក់ដូចជាធ្វើបានលឿនណាស់ គឺធ្វើទាំងយប់ ទាំងថ្ងៃ ប៉ុន្តែដល់ពេលរុះរើទម្លាក់ចេញវិញ គឺធ្វើមួយៗ យឺតៗ របៀបលេង ក្នុងបំណងទុក ចរចាទេដឹង?។
កិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងសំណង់របស់ ក្រុមហ៊ុន NAGA World ដែលបានសាងសង់ខុសច្បាប់ អនុញ្ញាត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាផ្លូវច្បាប់ និងបច្ចេកទេស។
លទ្ធផលនៃកិច្ចប្រជុំនោះគឺ៖ ១-ក្រសួងរៀបចំដែនដី ចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ ។ ២-ក្រុមជាងក្រុមហ៊ុន ចាប់ផ្តើមរុះរើ ដោយខ្លួនឯងពីថ្ងៃស្អែក គឺរុះដំបូលមុខ ពុទ្ធសាសនបណ្ឌិត្យមុន ។ ៣-ចាត់មន្ត្រីជំនាញ ប្រចាំការជំរុញដំណើរការនេះ រហូតដល់ទីបញ្ចប់។
សូមបញ្ជាក់ថា ភ្លាមៗ ក្រោយពីចប់ពិធីសម្ពោធ គម្រោងការពារទឹកជំនន់ ជំហានទី៣ របស់ JICA រួចមក នាព្រឹកថ្ងៃទី៥ វិច្ឆិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចុះមើលដោយផ្ទាល់ការដ្ឋានសំណង់របស់ ក្រុមហ៊ុន NAGA World ដែលបានសង់ខុសច្បាប់អនុញ្ញាត ក៏ដូចជាការប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ៕V/S
ប្រភពៈ យល់ព្រម
No comments:
Post a Comment